ឯកឧត្តម គួច ចំរើន៖ ក្រុមជាតិនិយមជ្រុលរបស់ថៃតែងតែងប់ងុល ចង់ឈ្លានពានទឹកដីយើងរហូត
AKP កណ្តាល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ថៃជាប្រទេសជិតខាងមួយ ដែលមានប្រជាជនធ្វើទំនាក់ទំនង ជាផលប្រយោជន៍ ជាមួយប្រជាជនយើង តែក្រុមជាតិនិយមជ្រុលរបស់ថៃ តែងតែងប់ងុល ចង់ឈ្លានពានទឹកដីយើង រហូតមានសន្ធិសញ្ញាបារាំង-សៀម និងមានសាលក្រមរបស់ ICJ។ ជារួមប្រជាជនថៃ មិនអាក្រក់ទេ តែក្រុមជាតិនិយមជ្រុលរបស់ថៃ ទើបមហាអាក្រក់ ដោយមិនគិតពីទំនាក់ទំនង ជីវភាព និងសុខទុក្ខរបស់ប្រជាជនទេ។

ឯកឧត្តមអភិបាលខេត្តកណ្តាលបានបន្តថា ស្មារតីកងទព័កម្ពុជាពិតជារឹងមាំខ្លាំងក្លាណាស់ ក្នុងការការពារបូរណភាពដែនដី ព្រោះមានការឯកភាពជាតិ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្រជាពលរដ្ឋ ព្រះសង្ឃ និងគ្រប់គណបក្សនយោបាយទាំងអស់ បានរួបរួមគ្នា ឯកភាពជាតិតែមួយ ដើម្បីលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ដល់កងទព័យើងនៅសមរភូមិមុខ ក្នុងការការពារ បូរណភាពទឹកដី ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ )។ យើងត្រូវពន្លត់ភ្លើង ដោយប្រកាន់យកគោលការណ៍ច្បាប់អន្តរជាតិ ធ្វើការដោះស្រាយ ព្រោះថាកម្ពុជាមិនចង់ធ្វើសង្គ្រាមទេ យើងចង់បានតែសន្តិភាព។

ឯកឧត្តម គួចចំរើន បានបញ្ជាក់បែបនេះ ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងកុដិព្រះសង្ឃធិបតី ព្រមទាំងស្រោចស្រពសុគន្ធវារី ប្រគេនព្រះរតនបញ្ញាញាណ ញឹង ឡេង ឡើងជាព្រះសមុហ៍អនុគណក្រុងសំពៅពូន ព្រមទាំងព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង នៅវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតនៅភូមិប៉ាកណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





