គ្រួសារក្រីក្រ ១៥ គ្រួសារ នៅបន្ទាយមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
AKPបន្ទាយមានជ័យថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥--
គ្រួសារក្រីក្រ និងមានជីវភាពខ្វះខាតចំនួន ១៥ គ្រួសារ នៅក្នុងភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។ ពិធីចែកអំណោយនេះ បានប្រារព្ធឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាវត្តលួង ឃុំឫស្សីក្រោក កាលពីព្រឹកថ្ងៃពុធ ទី ២៥ ខែមិថុនា ឆ្នាំ២០២៥នេះ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី អនុប្រធានកិត្តិយសសាខា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខា។
វត្តមានចូលរួមក្នុងពិធីនេះ រួមមានលោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម យុត ស្វិនី ហេរញ្ញិកគណៈកម្មាធិការសាខា លោកស្រី ម៉េង គឹមហួយ សមាជិកាសាខា មន្ត្រីក្រុមប្រតិបត្តិសាខា សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមង្គលបូរី ក្រុមកាកបាទក្រហមឃុំឫស្សីក្រោក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម។


ក្នុងឱកាសនៃការសួរសុខទុក្ខនេះ លោក បឹង គឹមសឹង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខា។ ជាមួយគ្នានោះ លោកក៏បានគូសបញ្ជាក់អំពីការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនទូទាំងប្រទេស។
លោក បឹង គឹមសឹង បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលអំណោយថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ទោះបីជាសម្តេចមមាញឹកយ៉ាងណាក៏ដោយ ក៏សម្តេចនៅតែនឹកឃើញ និងមានក្តីបារម្ភចំពោះបងប្អូនដែលមានជីវភាពលំបាកខ្វះខាត។ អំណោយដែលបងប្អូនទទួលបាននៅពេលនេះ គឺសុទ្ធសឹងតែកើតចេញពីទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេច និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា។ យើងទាំងអស់គ្នា សូមបួងសួងឲ្យបងប្អូនមានសុខភាពល្អ និងជម្នះរាល់ការលំបាកក្នុងជីវភាពរស់នៅ»។
អំណោយមនុស្សធម៌សម្រាប់ជួយសម្រាលបន្ទុកជីវភាព អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំយកមកចែកជូនក្នុងពេលនេះ សម្រាប់មួយគ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, មុង ១, ភួយ ១, សារុង ១, ក្រមា ១, និង ថវិកាមួយចំនួន។


ក្រៅពីអំណោយសប្បុរសធម៌របស់សាខា លោក បឹង គឹមសឹង និងលោកស្រី ម៉េង គឹមហួយ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមដល់គ្រួសារលោក ឡោក កែវ ដែលមានភរិយាទទួលរងជំងឺប្រចាំកាយ (ពិការស្លាប់មួយចំហៀងខ្លួន) ដើម្បីជួយសម្រាលបន្ទុកក្នុងការថែទាំសុខភាព។
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូររបស់កាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ និងកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពសង្គម៕
ដោយ៖ ឈុនសារ៉ាត





