ក្រសួងកិច្ចការនារីរៀបចំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្ដីលើកទី៤
AKP ភ្នំពេញ ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥---
នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ដោយមានការគាំទ្រពី UN Women បានរៀបចំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្ដីលើកទី៤ ឆ្នាំ២០២៥-២០៣០ កម្រិតថ្នាក់ដឹកនាំនៃក្រុមការងារបច្ចេកទេសឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) ក្រោមអធិបតីភាព លោកជំទាវកត្ដិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមការងារបច្ចេកទេសឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ក្រុមការងារលេខាធិការដ្ឋាន TWGG-GBVក្រសួងកិច្ចការនារី ក្រុមការងារ UN WOMEN សរុបចំនួន ៧៥នាក់(ស្រី៥៧នាក់) នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។

ក្រសួងកិច្ចការនារី គឺជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំនិងសម្របសម្រួល រៀបចំផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី និងចាំបាច់មានការចូលរួមការដាក់ចេញនូវសកម្មភាពពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីរួមគ្នាអនុវត្តបេសកកម្មទប់ស្កាត់និងឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។


កិច្ចប្រជុំផ្ដោតសំខាន់ទៅលើ៖
១.ដើម្បីពិនិត្យនិងកែសម្រួលចុងក្រោយលើសេចក្ដីព្រាង NAPVW IV (2025-2030)។
២.ការស្នើសុំការឯកភាពរួមគ្នាពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធជាសាមាជិកក្រុមការងារបច្ចេកទេស TWGG-GBV ដែលបានដាក់ចេញនូវសកម្មភាពក្នុងផែនការសកម្មភាពជាតិស្តីពីទប់ស្កាត់អំពើហិង្សាលើស្រ្ដី មុននឹងស្នើសុំការប្រជុំពិនិត្យនិងកែសម្រួលរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ (ECOSOCC) នៃទីស្ដីការគណៈរដ្ឋមន្រ្ដី។

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងកិច្ចការនារី)





