ឯកអគ្គរដ្ឋទូតវៀតណាម៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេសដែលមានភ្ញៀវទេសចរមកប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្ដម ង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅ កម្ពុជាបានថ្លែងថា បច្ចុប្បន្ននេះ វៀតណាមជាដៃគូទេសចរណ៍នាំមុខរបស់កម្ពុជា ហើយក្នុងឆ្នាំ ២០២៤ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមចំនួន ១,២ លាននាក់ ស្មើនឹង ១៨% នៃចំនួនភ្ញៀវទេសចរបរទេសសរុបដែលមកទស្សនាកម្ពុជា។ ចំណែកភ្ញៀវទេសចរកម្ពុជាប្រមាណ ៤៧៥ ០០០ នាក់ បានអញ្ជើញមកទស្សនាប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤ ហើយកម្ពុជាជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេសដែលមានភ្ញៀវទេសចរមកវៀតណាម។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក្នុងឱកាសខួបលើកទី ៥៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ឯកឧត្ដម ង្វៀន មិញវូ បានមានប្រសាសន៍ថា វៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរដែលមានខ្សែព្រំដែនគោកនិងសមុទ្រជាប់គ្នា ដែលអំណោយផលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរអន្តរជាតិទៀតផង។ ឯកឧត្ដមបានលើកឡើងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ តាម MOU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដំណាក់កាលពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨។ ជាក់ស្ដែងគឺការជំរុញលំហូរទេសចរតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន សម្រួលទេសចរណ៍ឆ្លងដែន និងបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរអោយបានច្រើនថែមទៀត។ ជាមួយគ្នានេះដែរ ត្រូវបង្កើនការផ្លាស់ប្តូរព័ត៌មាននិងទិន្នន័យទេសចរណ៍ សហប្រតិបត្តិការក្នុងការផ្សព្វផ្សាយទេសចរណ៍ តភ្ជាប់និងអភិវឌ្ឍផលិតផលទេសចរណ៍។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបញ្ជាក់ផងដែរថា ភាគីទាំងពីរក៏ត្រូវជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុនម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh)។

ឯកឧត្ដមបានបន្ថែមថា តាមរយៈនេះ ជំរុញការតភ្ជាប់ក្រោមពាក្យស្លោក “ប្រទេសពីរ ការធ្វើដំណើរតែមួយ” ឬការតភ្ជាប់ទេសចរណ៍រវាងវៀតណាម ឡាវ និងកម្ពុជា ក្រោមពាក្យស្លោក “ប្រទេសបី ការធ្វើដំណើរតែមួយ”។ ទន្ទឹមនេះ ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងចំណោមប្រទេសអនុតំបន់ទន្លេមេគង្គទាំងប្រាំមួយ ក៏ដូចជាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងអាស៊ាននិងប្រទេសអាស៊ាន+៣។ ផ្ដើមពីនោះ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងអនុតំបន់ មកកាន់ប្រទេសវៀតណាមនិងកម្ពុជា។ «យើងខ្ញុំក៏នឹងខិតខំជំរុញសកម្មភាពផ្សព្វផ្សាយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ ចូលរួមការតាំងពិព័រណ៍ទេសចរណ៍នៃប្រទេសនីមួយៗ ដូចជាការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំនៅទីក្រុង ហូ ជីមិញជាដើម»។ នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម ង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានជំរុញឱ្យប្រទេសទាំងពីរត្រូវបង្កើនការតភ្ជាប់រវាងសមាគមទេសចរណ៍កម្ពុជាជាមួយសមាគម និងក្រុមហ៊ុនទេសចរណ៍វៀតណាម ដើម្បីជំរុញការនាំភ្ញៀវទេសចរពីវៀតណាម និងកម្ពុជាទៅទស្សនាប្រទេសគ្នាទៅវិញទៅមក ជាពិសេសគឺមកកាន់គោលដៅល្បីៗ នៅប្រទេសវៀតណាម ដូចជា ដាឡាត់ ដាណាំង ភូកុក ញ៉ាត្រាង វុងតៅ ហាឡុង ក៏ដូចជាគោលដៅទេសចរណ៍នៅប្រទេសកម្ពុជាដូចជា ភ្នំពេញ សៀមរាប ព្រះសីហនុ ព្រះវិហារ តំបន់អេកូទេសរណ៍នៅភូមិភាគឦសាននៃប្រទេសកម្ពុជា ពិចារណាបើកផ្លូវហោះហើរថ្មីរវាងទីក្រុងធំៗ ក៏ដូចជារវាងគោលដៅទេសចរណ៍នៃប្រទេសទាំងពីរ៕
ដោយ៖ រិទ្ធី





