សិក្ខាសាលាស្តីពីការលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពឱ្យចូលបម្រើការងារតាមសហគ្រាស គ្រឹះស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥--
លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពីការលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពឱ្យចូលបម្រើការងារតាមសហគ្រាស គ្រឹះស្ថាន ក្រោមអធិបតីភាព លោកស្រី ហង្ស សេរីវលក្ខណ៍ អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ។

សិក្ខាសាលានេះមានការចូលរួមពីលោកស្រី ធា សុភី មន្ត្រីគោលនយោបាយសង្គមនៃអង្គការមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) និងលោកប្រធានរដ្ឋបាលសិទ្ធិជនពិការ អនុប្រធាននាយកដ្ឋានអធិការកិច្ចការងារ អង្គការដៃគូរ និងវិស័យឯកជន ចូលរួមសរុបប្រមាណចំនួន ៥០នាក់។

លោក សាន់ រតនា បានលើកឡើងថា ការរៀបចំឡើងនៃសក្ខាសាលានេះគឺដើម្បីលើកកម្ពស់ការយល់ដឹងកាតព្វកិច្ចលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព ឱកាសការងារ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដែលមានពិការភាព នៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាមបទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត សំដៅលើកកម្ពស់ការផ្តល់ការងារប្រកបដោយបរិយាបន្ន និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ។

ក្នុងសិក្ខាសាលានេះសហការរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) មានគាំទ្រថវិកាពីគម្រោងការងារសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី៣ (DEY III) របស់ទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) ២០២៤-២០២៨ តាមរយៈមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF)៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





