អនុរដ្ឋលេខាធិការក្រសួងបរិស្ថានអញ្ជើញចូលរួមដាំកូនកោងកាងដើម្បី «រួមគ្នាបង្កើនគម្របបៃតងជូនមាតុភូមិយើង»
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS បានអញ្ជើញចូលរួមដាំដើមកូនកោងកាង ដើម្បី «រួមគ្នាបង្កើនគម្របបៃតងជូនមាតុភូមិយើង» នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និស្សិតអាហារូបករណ៍សម្តេចតេជោ ប្រជាសហគមន៍ ដែលរៀបចំដោយអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat)។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “យើងបានបង្កើតតំបន់គ្រង់គ្រងជលផលសមុទ្រតាមប្រកាសលេខ៥០៤ លើផ្ទៃដី ១០ ០៩០ ហិកតា ក្នុងនោះព្រៃកោងកាងមាន ២ ៨០០ហិកតា ក្រៅពីនេះសុទ្ធតែជាផ្ទៃទឹក សម្រាប់នេសាទជាលក្ខណគ្រួសារមានប្រមាណ ៥០០នាក់ក្នុងមួយថ្ងៃ នៅតបន់នេះយើងបានធ្វើការដាំដុះបានជាង ៥០ ០០០កូនរួចហើយ ទន្ទឹមនោះយើងនៅសល់កូនកោងកាងជាង ១០ម៉ឺនកូន ធ្វើការដាំនៅជម្ពូខ្មៅ និងបេកក្រង់បន្តទៀត ការដាំជារឿងមួយ ក៏ប៉ុន្តែការថែ ទាំជារឿងសំខាន់ដែលទាមទារឱ្យប្រជាសហគមន៍ចូលរួមថែរក្សាទាំងអស់គ្នា។”

ទន្ទឹមនឹងនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) ដែលបានសហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធរៀបចំពិធីដាំដើមកូនកោងកាងក្រោមការអនុវត្តគម្រោងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរ ក្នុងគោលបំណង៖ ១. លើកកម្ពស់ការបន្ស៊ាំ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃតំបន់លំនៅឋានរបស់ប្រជាជនជនដែលងាយរងគ្រោះនៅតាមតំបន់ឆ្នេរ។ ២. បង្កើនចំណេះដឹង និងសមត្ថភាពសហគមន៍នៃការដាំដើមកោងកាងឡើងវិញ។ ៣. ការដាំដើមកោងកាង គឺជាការការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី បង្កើតជម្រកសម្រាប់សត្វសមុទ្រ។ ៤. ដើមកោងកាងមានសមត្ថភាពបំពេញតួនាទីដំណើររំលាយកាបូនក្នុងខ្យល់ ដោយកាត់បន្ថយការបំពុលអាកាស និងអភិរក្សបរិស្ថាន។ ៥. កោងកាងអាចអភិវឌ្ឍក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ សម្រាប់ទេសចរជីវចម្រុះ និងការអភិរក្សធម្មជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី បានអបអរសាទរចំពោះការខិតខំប្រឹងប្រែងពីអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ដឹកនាំខេត្តធ្វើការដាំដុះ ស្តាព្រៃកោងកាងជាបន្តបន្ទាប់ អ្វីដែលយើងធ្វើការដាំដុះស្តាព្រៃកោងកាងឡើងវិញ ដើម្បីបង្កើនគម្របបៃតងជួយកាត់បន្ថយការបំភាយឧស្ម័ន្នផ្ទះកញ្ចក់ ក៏ដូចជាការវិនិយោគជូនបងប្អូនមូលដ្ឋាន។ ក្រសួងបរិស្ថាន និងអាជ្ញាធរដែនដីបានចូលរួមចំណែកធ្វើយ៉ាងណាបង្ការទប់ស្កាត់ការកាប់ទន្ទ្រាន ការកាន់កាប់ និងការរុករានយកដីព្រៃដោយខុសច្បាប់។ យើងរួមគ្នាការពារគម្របបៃតង យើងត្រូវដាំដុះព្រៃកោងកាងឱ្យបានជាអតិបរិមាឱ្យមានតុល្យភាពក្នុងការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ទាក់ទងនឹងភាពបៃតង ក្រសួងបរិស្ថានបានធ្វើយុទ្ធនាការពន្លកបៃតង ដោយបង្កើតឱ្យមានថ្នាលបណ្តុះកូនឈើនៅតាមតំបន់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយឆ្នាំ២០២៤ យើងបានធ្វើការបណ្តុះ និងចែកចាយកូនឈើដាំបានចំនួន ១ ២០០ ០០០ដើម ហើយឆ្នាំ ២០២៥ ធ្វើការបណ្តុះ និងចែកកូនឈើដាំដុះចំនួន ៣ ០០០ ០០០ដើម។ យើងក៏បានធ្វើការចែកកូនឈើសម្រាប់ធ្វើការដាំដុះបានចំនួន ៥០០ ០០០ដើម នេះជាឆ្នាំទីពីរនៃយុទ្ធនាការពន្លកបៃតង និងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតិភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះក៏មានយុទ្ធនាការដាំកូនត្នោត១លានដើមផងដែរ ការដាំកូនកោងកាងនៅទីនេះជាផ្នែកមួយនៃការស្តារព្រៃកោងកាងនៅក្នុងតំបន់ រួមចំណែកក្នុងយុទ្ធនាការពន្លកបៃតង ហើយគោលដៅសំខាន់គឺការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រោះព្រៃកោងកាង គឺជាអង្គរក្សសមុទ្រមួយដែលជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ៕
ដោយ ងូ សុមុនី





