មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មលើកទឹកចិត្តដល់ធុរជនចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព«ស៥» ប្រចាំឆ្នាំ២០២៥ ដើម្បីមានឱកាសអភិវឌ្ឍអាជីវកម្មរបស់ខ្លួន
AKP សៀមរាប ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម យា ប៊ុនណា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម បានថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តល្អនៃប្រព័ន្ធ «ស៥» និងឧបករណ៍ផលិតភាព នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ថា ការយល់ដឹងពីវិធីសាស្រ្ត នៃការអនុវត្ត «ស៥» រួមមាន៖ សម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្តិតស្ថេរ និងនវានុវត្តន៍សម្រាប់បង្កើនផលិតភាពអាជីវកម្មគ្រប់ប្រភេទ និងជាឱកាសសម្រាប់បងប្អូនជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម សេវាកម្ម អាជីវកម្ម មន្ត្រីស្ថាប័នសាធារណៈ ផ្សេងៗទៀត។

ឯកឧត្តមបានបន្តថា ហេតុនេះធុរជនជាម្ចាស់ឬថៅកែ ក្រុមហ៊ុន សហគ្រាស សិប្បកម្ម អាជីវកម្មនានាទាំងអស់ អនុវត្តវិធីសាស្ត្រនេះ ជោគជ័យទៅបាន ចាំបាច់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ មានការយល់ដឹងពីអត្ថប្រយោជន៍ នៃផលិតភាព ហើយយកទៅអនុវត្តជាក់ស្តែង ដោយមានទិសដៅពិតប្រាកដ ប្រកាន់ភ្ជាប់នូវគោលការណ៍ច្បាស់លាស់ សម្រាប់កែលម្អផលិតកម្ម អាជីវកម្ម ហើយខិតខំ ធ្វើយ៉ាងណា ឱ្យថ្ងៃនេះ ប្រសើរជាងថ្ងៃម្សិលមិញ និងធ្វើឱ្យថ្ងៃស្អែកប្រសើរជាងថ្ងៃនេះ ដោយប្រែក្លាយអង្គភាពមួយមានវិន័យ សណ្តាប់ធ្នាប់ល្អ ដំណើរការផលិតកម្ម អាជីវកម្មកាន់តែមានប្រសិទ្ធភាពជាងមុន បំបាត់ភាពខ្ជះខ្ជាយ ជួយសន្សំសំចៃ កាត់បន្ថយចំណាយថ្លៃដើម អតិថិជនកាន់តែមានទំនុកចិត្តលើគុណភាពផលិតផល និងសេវាបង្កើនប្រាក់ចំណេញបានយូរអង្វែង ដោយមិនចាំបាច់ដំឡើងថ្លៃផលិតផលនាំប៉ះពាល់ទីផ្សារថែមទៀតផង។

ឯកឧត្តមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥នេះ កម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» មជ្ឈមណ្ឌលផលិតភាពជាតិ នឹងមានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ នៅទីស្តីការក្រសួង។ ដូចនេះសូមលើកទឹកចិត្តបងប្អូនជាអ្នកធុរកិច្ចទាំងអស់ ដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៥នេះ ឱ្យបានច្រើនផុលផុស ដើម្បីមានឱកាសអភិវឌ្ឍក្រុមហ៊ុន សហគា្រស សិប្បកម្ម សេវាកម្ម អាជីវកម្ម ឱ្យមានការវិវឌ្ឍឈានឡើងប្រកបដោយចីរភាព និងទទួលបានពានរង្វាន់ថ្នាក់ជាតិ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ឈានទៅយកស្តង់ដារជាតិ និងអន្តរជាតិផ្សេងៗថែមទៀតផង។

ជាមួយគ្នានេះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីផ្តល់ការគាំទ្រសដល់វិស័យឯកជនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សិក្ខាសាលានេះគឺពិតជាមានសារៈសំខាន់ និងសូមលើកទឹកចិត្តឱ្យមានកម្មវិធីដ៏មានសារប្រយោជន៍នេះមានជាបន្តបន្ទប់ទៀតនៅក្នុងខេត្តសៀមរាប និងនៅខេត្តដទៃទៀតផងដែរ៕
ដោយ ឃុត សៅ





