ប្រធានក្រុមប្រឹក្សាស្រុកស្ទោង៖ ការធ្វើវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកនៅតាមបណ្ដាឃុំនានាគឺជាអំណោយដែលមិនអាចកាត់ថ្លៃបានដែលក្រុមប្រឹក្សាស្រុក និងរដ្ឋបាលស្រុកស្ទោងផ្តល់ជូនពលរដ្ឋ
AKP កំពង់ធំ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥--
លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកឡើងថា ការធ្វើវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកនៅតាមបណ្ដាឃុំនានាគឺជាអំណោយដែលមិនអាចកាត់ថ្លៃបានដែលក្រុមប្រឹក្សាស្រុក និងរដ្ឋបាលស្រុកស្ទោងផ្តល់ជូនពលរដ្ឋ ក្នុងឱកាសលោក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទោង អាណត្តិទី៤ នៅឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោក ឡាយ ស៊ីលី បានសង្កត់ធ្ងន់ថា អំណោយដ៏ថ្លៃថ្លានេះគឺជាការជួបផ្ទាល់រវាងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអាជ្ញាធរស្រុកស្ទោង ជាពិសេសប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក បានបង្ហាញនូវទុក្ខកង្វល់ សំណូមពរ និងបញ្ហានានា ដែលប្រជាពលរដ្ឋបាននិងកំពុងជួបប្រទះនិងបានដោះស្រាយរួមគ្នានៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង ដើម្បីឱ្យប្រជាពលរដ្ឋអស់មន្ទិលហើយអាជ្ញាធរបានជួយដោះស្រាយជាក់ស្ដែងនិងទាន់ពេលវេលាបំផុត។

ជាមួយគ្នានេះដែរ លោក សាយ គឹមឡម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំចំណាកក្រោម ត្រូវសម្ដែងការស្មោះត្រង់រវាងគ្នានឹងគ្នាទាំង ការផ្ដល់សេវានិងការទទួលសេវា ក៏ដូចជាការចុះជួបជួយផ្ទាល់ដល់មូលដ្ឋាននិងដោះស្រាយជាក់ស្ដែងជាពិសេស ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋងាយរងហានិភ័យដែលមានជីវភាពក្រលំបាកខ្វះខាតជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការលុបបំបាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងលើកកម្ពស់ជីវភាពពួកគាត់ឱ្យកាន់តែប្រសើរឡើង។

លោកអភិបាលស្រុកក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ "សហគមន៍កសិកម្មសណ្ដាន់សាមគ្គី"ត្រូវធ្វើការសហការខ្ពស់ជាមួយអាជ្ញាធរឃុំ ម្ចាស់ភាគហ៊ុន ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាហើយត្រូវមានផែនការមេនិងផែនការលម្អិត សម្រាប់អភិវឌ្ឍ ដើម្បីទទួលបាននូវការចាប់អារម្មណ៍ គាំទ្រពីគ្រប់អ្នកពាក់ព័ន្ធជាពិសេសក្រុមការងារចុះមូលដ្ឋានឃុំចំណាក្រោមនិងស្រុកស្ទោង។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូចដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសសិស្សានុសិស្ស ត្រូវបើកបរយានយន្តដោយមានការប្រុងប្រយ័ត្នខ្ពស់ហើយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយសីលធម៌ព្រមទាំងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិង អ្នកនៅលើផ្លូវសាធារណៈទាំងអស់គ្នា៕
ដោយ ស៊ុម វណ្ណា





