ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបង្ហាញមុខម្ហូបខ្មែរជូនដល់ភ្ញៀវអន្ដរជាតិ និងអ្នកសារព័ត៌មាននៅក្នុងប្រទេសបារាំង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង បានរៀបចំកម្មវិធីពិសារអាហារថ្ងៃត្រង់ ជូនដល់ភ្ញៀវអន្ដរជាតិ និងក្រុមអ្នកសារព័ត៌មាននៃកម្មវិធីពិព័រណ៍ភូមិម្ហូបអាហារអន្តរជាតិ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៥ នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ក្នុងទីក្រុងប៉ារីស ដើម្បីបង្ហាញពីមុខម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ចំនួន៤មុខ គឺ៖ ប្រហុកខ្ទិះ ភ្លាសាច់គោ នំបញ្ចុកសម្លប្រហើរ និងបង្អែមបបរពោត។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី Anne-Laure DESCOMBIN ប្រធាន AGORA Expo និងជាស្ថាបនិកនៃកម្មវិធីពិព័រណ៍ភូមិម្ហូបអាហារអន្តរជាតិ លោក Édouard Cointreau ប្រធានគណៈកម្មាធិការពានរង្វាន់ Gourmand Awards លោក David SOU ប្រធានសមាគម YUVACHUN តំណាងក្រុមអ្នកសារព័ត៌មានបារាំង និងអន្តរជាតិមួយចំនួនដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម លុយ ដាវីត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏វិសេសវិសាលនេះ នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ក្នុងទីក្រុងប៉ារីស ដើម្បីបង្ហាញនូវទិដ្ឋភាពទូទៅនៃការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងការត្រៀមរៀបចំចូលរួមកម្មវិធីពិព័រណ៍ភូមិម្ហូបអាហារអន្តរជាតិ លើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ ឯកឧត្ដមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី DESCOMBIN និងលោក COINTREAU មកពី AGORA Expo និងជាស្ថាបនិកនៃកម្មវិធីពិព័រណ៍ភូមិម្ហូបអាហារអន្តរជាតិ ដែលតែងតែផ្តល់ឱកាសដល់ព្រះរាជាណាចក្រកម្ពុជារបស់យើង ចូលរួមក្នុងព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ។ ឯកឧត្ដមបានបញ្ជាក់ថា៖ «ប្រទេសកម្ពុជាពិតជាមានមោទនភាពក្រៃលែង ដែលទទួលបានឯកសិទ្ធិដ៏ធំធេងក្នុងការទទួលបានឱកាសធ្វើជាប្រទេសកិត្តិយសសម្រាប់កម្មវិធីពិព័រណ៍នៅឆ្នាំ២០២៥ នេះ បន្ទាប់ពីសៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ-វគ្គ២” ទើបទទួលបានពានរង្វាន់ពិសេសក្នុងកម្មវិធី Gourmand Awards លើកទី ៣០ នៅទីក្រុងលីសបោន ហើយខណៈដែលសៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ-វគ្គ១” ទទួលបានពានរង្វាន់ កាលពីឆ្នាំ២០២៣»។

ឯកឧត្ដមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណផងដែរចំពោះលោក David Sou ប្រធានសមាគម YUVACHUN ដែលបានសម្របសម្រួលការងាររៀបចំការចូលរួមរបស់កម្ពុជា តាមរយៈស្ថានទូតកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់។

ជាមួយគ្នានេះ ឯកឧត្តម លុយ ដាវីត ក៏បានណែនាំជូនភ្ញៀវកិត្តិយសទាំងអស់ពីភាពសម្បូរបែបនៃមរតកអាហាររបស់កម្ពុជា។ ឯកឧត្ដមបានរំលេចថា ចំណុចសំខាន់នៃរសជាតិ និងភាពទាក់ទាញនៃមុខម្ហូបរបស់កម្ពុជាគឺគ្រឿងផ្សំ ដែលប្រមូលផ្តុំដោយធាតុផ្សំជាច្រើនប្រកបដោយឱជារស ភាពទាក់ទាញ និងមានផាសុកភាព។

ឯកឧត្ដមឯកអគ្គរាជទូតបានថ្លែងបញ្ជាក់ផងដែរថា៖ «ថ្ងៃនេះ យើងខ្ញុំសូមបង្ហាញជូននូវមុខម្ហូបចំនួន ៤មុខ គឺ៖ ភ្លាសាច់គោ ប្រហុកខ្ទិះ នំបញ្ចុកសម្លរប្រហើរ និងបង្អែមបបរពោត ដើម្បីជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្លក់រសជាតិម្ហូបខ្មែរ។ យើងចាប់ផ្តើមដោយភ្លាសាច់គោ ដែលជាសាឡាត់សាច់គោបែបប្រពៃណីខ្មែរមួយប្រភេទ ធ្វើឡើងពីសាច់គោ ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ម្ទេសផ្លោក ស្ពៃក្តោប និងជាពិសេស ជីរ និងក្រូចឆ្មារ ដែលជួយតាក់តែងឱ្យមុខម្ហូននេះកាន់តែមានឱជារស និងសម្រស់ទាក់ទាញ។ មុខម្ហូបទី២៖ ប្រហុកខ្ទិះ ជាមុខម្ហូបផ្សំឡើងដោយប្រហុកសាច់ខ្មែរ មានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយសាច់ជ្រូកចិញ្រ្ចាំ ខ្ទិះដូង និងគ្រឿងទេសខ្មែរដែលបានជ្រើសរើសយ៉ាងពិសេស។ មុខម្ហូបនេះគួរពិសារដោយផ្ទាប់ជាមួយបន្លែស្រស់ ទើបមានឱជារសកាន់តែឆ្ងាញ់ពិសារ។ មុខម្ហូបទី៣៖ នំបញ្ចុកសម្លរប្រហើរ៖ មានសសៃនំបញ្ចុកផលិតចេញពីម្សៅអង្ករ ដោយត្រូវពិសារជាមួយទឹកសម្លរប្រហើរ ដែលត្រូវបានចម្រាញ់ពីសាច់ត្រី ប្រហុក ខ្ទិះដូង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ជាយ និងគ្រឿងផ្សំមួយចំនួនទៀត។ មុខម្ហូបទី៤៖ បង្អែមបបរពោត ផ្សំឡើងដោយពោតខ្ចី ល្ពៅទំ ខ្ទិះដូង និងស្ករត្នោត ដែលមានក្លិនឈ្ងុយដ៏ទាក់ទាញ មិនអាចបំភ្លេចបាន។»

ឯកឧត្ដមឯកអគ្គរាជទូតបានបន្ថែមថា៖ «យើងខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រាកដជាបានភ្លក់នូវរសជាតិថ្មីប្លែកពិសេសរបស់មុខម្ហូបខ្មែរទាំងនេះ និងរីករាយទទួលមតិយោបល់កែលម្អរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីមកវិញ។ ជាលទ្ធផលមិនគួរនឹកស្មាន ភ្ញៀវអន្តរជាតិបានផ្តល់ការកោតសរសើរអស់ពីដួងចិត្ត ចំពោះរសជាតិពិសេសនៃមុខម្ហូបទាំង៤ ដែលពួកគាត់ពុំដែលបានស្គាល់ពីមុន ជាពិសេសប្រហុកខ្ទិះ»៕




ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង





