ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញចុះជួបផ្ទាល់ជាមួយមន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាពព្រែកលួង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះជួបផ្ទាល់ជាមួយមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពព្រែកលួង ស្រុកខ្សាច់កណ្តាល ដើម្បីសិក្សាស្វែងយល់ពីមូលដ្ឋាន និងការបម្រើសេវាសុខភាពនៅទីនោះ កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសួរសុខទុក្ខ និងបានណែនាំដល់មន្រ្តីសុខាភិបាលត្រូវយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថានស្អាត លើសុជីវធម៌ខ្ពស់ ឥរិយាបទថ្លៃថ្នូរ រួសរាយរាក់ទាក់ រក្សាវិន័យការងារល្អ បង្ហាញឱ្យឃើញនូវជំហរទំនួលខុសត្រូវ និងរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យបានណែនាំឱ្យខិតខំឱ្យបានល្អក្នុងការរក្សាទុកដាក់ឱសថ វ៉ាក់សាំង ការថែរក្សាសម្ភារបរិក្ខារពេទ្យឱ្យបានហ្មត់ចត់ ត្រឹមត្រូវ និងត្រូវព្យាយាមបង្កើនសកម្មភាពពិនិត្យព្យាបាលជាប់ជាប្រចាំត្រៀមទទួលបងប្អូនអ្នកជំងឺ ក៏ដូចជាបងប្អូនដែលមករកទទួលសេវាសុខភាពក្នុងមណ្ឌល៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





