ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន៖ ទិវាអតីតយុទ្ធជនកម្ពុជា ជាទិវាដ៏មានតម្លៃជាប្រវត្តិសាស្ត្រដើម្បីរំលឹកគុណចំពោះការលះបង់យ៉ាងធំធេង និងមិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន វីរយុទ្ធនារី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា យោងទៅលើប្រវត្តិសាស្ត្រដែលបានឆ្លងកាត់នូវដំណាក់កាលជាច្រើន ជាមួយនឹងការលះបង់ដ៏ច្រើនឥតគណនារបស់បងប្អូនអតីតយុទ្ធជននាពេលកន្លងមកបន្ថែមពីលើគោលនយោបាយគិតគូរយ៉ាងល្អិតល្អន់ចំពោះអតីតយុទ្ធជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ដែលវាជាទិវាដ៏មានតម្លៃជាប្រវត្តិសាស្ត្រដើម្បីរំលឹកគុណចំពោះការលះបង់យ៉ាងធំធេង និងមិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន វីរយុទ្ធនារី ដែលជាអតីតកងកម្លាំងប្រដាប់អាវុធប្រកបដោយមនសិការស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដែលក្នុងន័យនេះយើងនឹកឃើញពួកគាត់មិនត្រឹមតែនៅថ្ងៃទី២១ មិថុនា ជារៀងរាល់ឆ្នាំនេះនោះទេ ពោលគឺយើងតែងតែនឹកឃើញ និងដឹងគុណពួកគាត់ជារៀងរាល់ថ្ងៃ។ ការថ្លែងរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដូចនេះក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជានេះ ក៏ជាឱកាសជួបជុំគ្នារបស់បងប្អូនដែលធ្លាប់ជាមិត្តរួមអាវុធជាមួយគ្នា ដើម្បីរំលឹកពីអនុស្សាវរីយ៍ល្អៗ និងជាការបំផុសស្មារតីដ៏សំខាន់មួយសម្រាប់អតីតកងកម្លាំងប្រដាប់អាវុធរបស់យើង ហើយអ្វីដែលឯកឧត្តម បានចាត់ទុកថាវិសេសវិសាល និងមានអារម្មណ៍ថារំភើបបំផុតនោះគឺឱកាសដែលបងប្អូនរបស់យើងបាន ស្លៀកពាក់ឯកសណ្ឋានកងទ័ពម្តងទៀត ដោយឯកឧត្តមបានលើកឡើងពីប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកាលពីទិវាអតីតយុទ្ធជនកម្ពុជាឆ្នាំ២០២៤កន្លងទៅថា ទាហាន ឬនគរបាលមួយថ្ងៃ ត្រូវតែជាទាហាន និងនគរបាលមួយជីវិត មិនមែនបម្រើការ២០ ឬ៣០ឆ្នាំហើយពេលចេញទៅលែងជាគ្រួសារកងកម្លាំងប្រដាប់អាវុធនោះទេ ថ្វីត្បិតតែការងារលែងបំពេញក៏ពិតមែន តែខ្លួននៅតែស្ថិតនៅក្នុង ក្រុមគ្រួសារតែមួយនៃកងកម្លាំងរបស់យើង។

សូមជម្រាបជូនថា សម្រាប់ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា លើកទី១៨នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានចេញនូវសារលិខិតមួយច្បាប់ ដើម្បីជាការអបអរសាទរចំពោះទិវានេះ ដោយបានចាត់ទុកទិវាអតីតយុទ្ធជនកម្ពុជាថា ជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង ដោយពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការ ពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន៕


ដោយ៖ ចាន់ សុភឿន





