ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមការ និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់និយាមការ និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងដើម្បីបិទបញ្ចប់ នាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។
បេសកកម្មផ្ទៀងផ្ទាត់និយាមការ និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក ក្រុមការងារជំនួយការសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងតំណាងអាជ្ញាធរខេត្តតាកែវដែលពាក់ព័ន្ធផ្សេងទៀត។


ជម្រាបជូនថា ការងារចុះពិនិត្យផ្ទៀងផ្ទាត់និយាមការ និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ បានចាប់ផ្តើមឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដោយបានបោះសរុបចំនួន៥៥០បង្គោល។ បន្ទាប់មក ក្រុមការងារបច្ចេកទេសនឹងយកទិន្នន័យទទួលបានរៀបចំផែនទីលម្អិតសម្រាប់ព្រែកជីកហ្វូណនតេជោ នឹងរៀបចំផែនការសកម្មភាពសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមការ និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនៅពេលឆាប់ៗខាងមុខនេះ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសាធារណការ)





