ឯកឧត្តម អឿង ចន្ថា អញ្ជើញដឹកនាំបើកសិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ស្តីពីកង្វះខាតទឹក និងសិទ្ធិទទួលបានទឹកប្រើប្រាស់ក្នុង អាងស្ទឹងស្ទោង ខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញដឹកនាំបើកសិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ស្តីពី កង្វះខាតទឹក និងសិទ្ធិទទួលបានទឹកប្រើប្រាស់ក្នុងអាងស្ទឹងស្ទោង ខេត្តកំពង់ធំ នៅសណ្ឋាគារគ្លរៀស និងស្ប៉ា ខេត្តកំពង់ធំ នាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។
សិក្ខាសាលានេះរៀបចំឡើងក្រោមកម្មវិធីកង្វះខាតទឹក ដែលកំពុងអនុវត្តដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីលោក ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក លោកស្រី មកពីតំណាងនាយកដ្ឋាន មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់


សិក្ខាសាលានេះមានគោលបំណង៖ ទី១) បទបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងវិភាគវាយតម្លៃធនធានទឹក និងសិទ្ធទទួលបានទឹកប្រើប្រាស់ក្នុងអាងស្ទឹងស្ទោង។ ទី២) ការពិគ្រោះយោបល់ ផ្ទៀងផ្ទាត់ និងអនុសាសន៍ល្អៗដែលជាធាតុចូលរបស់ភាគីពាក់ព័ន្ធ និងទី៣)ការប្រមូលរៀបចំឯកសារមតិយោបល់ធាតុចូលពីភាគីពាក់ព័ន្ធសម្រាប់កែសម្រួលលើការបញ្ចប់របាយការណ៍សិក្សា។


សិក្ខាសាលានេះនឹងផ្ដល់នូវលទ្ធផលដ៏មានតម្លៃ ដែលនាំឱ្យមានការរៀបចំផែនការសកម្មភាពជាក់លាក់សម្រាប់ជំរុញការអភិវឌ្ឍលើការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ជាពិសេសគាំទ្រចំពោះកម្មវិធីកង្វះខាតទឹក និងពង្រឹងសមត្ថភាពបន្ថែមទៀតលើបញ្ហានេះនៅកម្ពុជា នាពេលអនាគត៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក)





