ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ ជំរុញស្នងការដ្ឋាននគរបាលខេត្តរតនគិរីត្រួតពិនិត្យឱ្យបានល្អិតល្អន់ចំពោះកម្លាំងរបស់ស្នងការដ្ឋាន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរីត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ចំពោះកម្លាំងរបស់ស្នងការដ្ឋាន ត្រូវរៀបចំកម្លាំងឱ្យបានត្រឹមត្រូវក៏ដូចជាសម្ភារ អាវុធ ត្រូវត្រួតពិនិត្យមើលឡើងវិញ ដើម្បីឱ្យការត្រៀមលក្ខណៈបានល្អ និងត្រូវរៀបចំកន្លែងស្នាក់នៅ ហូបចុក កន្លែងហ្វឹកហាត់ គ្រូបង្វឹកឱ្យបានល្អប្រសើរជូនដល់កងកម្លាំងយើង។
ការជំរុញរបស់ឯកឧត្តមរដ្ឋលេខាធិការយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់បងប្អូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងបានថ្លែងទៅកាន់អង្គប្រជុំស្តីពីស្ថានភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់កងកម្លាំងឱ្យពង្រឹងការអនុវត្តការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់យុទ្ធវិធីជាប្រចាំ ការប្រើប្រាស់អាវុធ និងរបៀបការពារខ្លួនឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួន និងត្រូវសហការគ្នាឱ្យកាន់តែល្អក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





