អាជ្ញាធរជាតិអប្សរាមានគម្រោងជួសជុលបង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត
AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា បាននិងកំពង់មមាញឹកធ្វើសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យនៃរចនាសម្ព័ន្ធបង្កាន់ដៃនាគ មុននឹងឈានទៅធ្វើការជួសជុលឱ្យរឹងមាំឡើងវិញ។


លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ហើយការធ្វើសម្រង់រយៈពេល១២ខែកន្លងមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រហើយ។ ការធ្វើសម្រង់ប្លង់នេះមានសារសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ព័ន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។ ហើយជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត មានចំណុចមួយចំនួនទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់ដៃនាគមិនមានលំនឹង និងខឿនស្រុតចុះ ដោយសារតែកត្តាអាយុកាលនៃសំណង់ កត្តាធម្មជាតិ ទឹកហូរច្រោះ និងសត្វល្អិតជាដើម។


ទន្ទឹមនឹងនេះ មន្ត្រីបច្ចេកទេសរូបនេះបានឱ្យដឹងទៀតថា បន្ទាប់ពីធ្វើសម្រង់ប្លង់រួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលពង្រឹងបង្កាន់ដៃនាគនេះទៅតាមដំណាក់កាលជាបន្តទៀត។ ដោយអ្នកជំនាញរូបនេះបានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២២-២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងបង្កាន់ដៃនាគ និងខឿនជណ្ដើរ នៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានជោគជ័យរួចមកហើយ៕
ដោយ ហង្ស សៀក





