សិក្ខាសាលាស្តីពី «ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា»
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានរៀបចំសិក្ខាសាលាស្តីពី «ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក តាន់ យុវរដ្ឋ អគ្គនាយករងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករនិងវាគ្មិនមកពីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មខេត្ត នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។

លោក តាន់ យុវរដ្ឋ បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីចងក្រងទិន្នន័យអំពីអត្តសញ្ញាណ និងផលិតផលសក្តានុពលរបស់ខេត្តកំពង់ស្ពឺ និងផ្សព្វផ្សាយដល់ផលិតករ និងសាធារណជន។ មួយវិញទៀតគឺជាផ្នែកមួយនៃគោលនយោបាយជួយផលិតករយើងឱ្យស្គាល់ពីផលិតផលសក្តានុពលរបស់កម្ពុជាតាមបណ្តារាជធានី ខេត្ត ដើម្បីកំណត់អត្តសញ្ញាណ និងចងក្រងជាទិន្នន័យដើម្បីផ្សព្វផ្សាយឱ្យផលិតករបានស្គាល់យ៉ាងទូលំទូលាយ និងផលិតបានចំគោលដៅ ហើយអត្តសញ្ញាណផលិតផលសក្តានុពលរបស់រាជធានី-ខេត្តនីមួយៗ ដែលកំណត់បានគឺជាចំណងភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច រវាងផលិតករកម្ពុជាជាមួយធុរជន អ្នកនាំចេញ និងពាណិជ្ជករអន្តរជាតិ ដែលមានបំណងចង់វិនិយោគក្នុងវិស័យកសិកម្ម និងផលិតកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុកក៏ដូចជានាំចេញទៅក្រៅប្រទេស។


ទន្ទឹមនឹងនោះ លោកអគ្គនាយករងក៏បានអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរដើម្បីជួយលើកទឹកចិត្តដល់ផលិតករខ្មែរ។ ផលិតករខ្មែរក៏ត្រូវខិតខំផលិតនូវទំនិញដែលមានគុណភាព សុវត្ថិភាព មានស្តង់ដារ អនាម័យ មានព័ត៌មានផលិតផលគ្រប់គ្រាន់ ព្រមទាំងមានបិទកាលបរិច្ឆេទផលិត និងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ និងជាពិសេសសូមបំពេញលក្ខខណ្ឌច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជនកម្ពុជា និងពាណិជ្ជករបរទេស។

ក្នុងឱកាសនោះ ឯកឧត្តម កៅ សុវណ្ណារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ជាមួយនឹងកិច្ចសម្របសម្រួលពីរដ្ឋបាលខេត្ត ដើម្បីរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងបានលើកឡើងថាវិស័យឯកជនជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកាន់តែល្អប្រសើរ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សូមស្វាគមន៍នូវមតិយោបល់កែលម្អ ដើម្បីពិភាក្សារួមគ្នា ស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យវិស័យពាណិជ្ជកម្មសាធារណៈ និងឯកជន កាន់តែល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធ និងរីកចម្រើនថែមទៀត៕
ដោយ លឹម សាន្ត





