ឯកឧត្តម ប៉ែន បូណា៖ រដ្ឋាភិបាល និងយោធាថៃបង្ហាញឱ្យឃើញពីភាពពិសពុលយ៉ាងច្បាស់ក្រឡែតនូវរឿងរ៉ាវផ្សេងៗ និងយកកម្ពុជាជាចំណាប់ខ្មាំង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤--
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ភាពពិសពុលប្រកបដោយកលល្បិចរបស់រដ្ឋាភិបាល និងយោធាថៃបានបង្ហាញឱ្យឃើញ យ៉ាងច្បាស់តាមការកាឡៃនូវរឿងរ៉ាវផ្សេងៗ ហើយបែរជាមកចោទប្រកាន់កម្ពុជាទៅវិញពាក់ព័ន្ធបញ្ហាព្រំដែន ។
តាមរយៈការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ បំផ្លើសបំភ្លៃ របស់ថៃមកលើកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ភាពពិសពុលទាំងមេដឹកនាំថៃនិងយោធាថៃបានស្តែងឡើងតាមរយៈពេលដែលមានជម្លោះផ្ទៃក្នុងប្រទេសខ្លួនបានទាញភ្ជាប់ជាមួយព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តមបានបញ្ជាក់ថា៖ «ភាពពិសពុល ចរិកខូចរបស់រដ្ឋាភិបាលនិងកងទ័ពថៃបានស្តែងឡើងយ៉ាងច្បាស់លាស់មែនទែន ។ មុនដំបូងរុញរឿងព្រំដែន ឱ្យតែមានជម្លោះផ្ទៃក្នុងរបស់ខ្លួនក្នុងការដណ្តើមអំណាចរវាងរដ្ឋាភិបាល និងយោធាថៃតែងតែបានរុញមកព្រំដែនកម្ពុជា យកកម្ពុជាជាចំណាប់ខ្មាំង ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ដើម្បីមានលេសចោទរដ្ឋាភិបាលគ្រប់គ្រងបូរណភាពទឹកដីមិនបាន ចឹងទេយោធាត្រូវតែធ្វើរដ្ឋប្រហារដណ្តើមអំណាច ។ ឯកឧត្តអះអាងថា នេះជាទម្លាប់យូរហើយ ដែលតែងតែកើតមាន ហើយជម្លោះលើកមុនរឿងប្រាសាទព្រះវិហារដូចគ្នាដែរ ។ ឥឡូវកើតឡើងដដែលបង្ករឿង ហើយរុញមកឱ្យកម្ពុជាជាអ្នកចូលរួមពាក់ព័ន្ធ។»

ជាមួយគ្នានផោះដែរឯកឧត្តម ប៉ែន បូណា បានបន្ថែមថា សរុបជារួមមក កម្ពុជារងគ្រោះពីការចោទប្រកាន់របស់រដ្ឋាភិបាល និងយោធាថៃដែលបាននិងកំពុងធ្វើសកម្មភាពដូចសព្វថ្ងៃនេះ ។
ឯកឧត្តមក៏បានមើលឃើញពីចរិករបស់មន្រ្តីរដ្ឋាភិបាលនិងយោធាថៃថា គឺជាចរឹកកូនក្មេងដែលចាំតែអង្គុយបង្ករឿងជាមួយកម្ពុជា ។
ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា ក៏បានផ្តល់អនុសាសន៍ទៅភាគីថៃថា គួរតែបញ្ឈប់សកម្មភាពបង្កព្យុះភ្លៀងជាមួយកម្ពុជាបន្តទៀតទៅពាក់ព័ន្ធបញ្ហាព្រំដែនដែលបានទាញភ្ជាប់ទៅករណីនេះករណីនោះមកចោទប្រកាន់កម្ពុជាដោយគ្មានទិសតំបន់៕ដោយ៖ ប៊ុនរិទ្ធ





