ឯកឧត្ដម តាំង ជុងលី អញ្ជើញបើកសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលជំនាញសង្គមកិច្ច ជូនដល់មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានជាតិសង្គមកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្ដម តាំង ជុងលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលជំនាញសង្គមកិច្ចជូនដល់មន្ត្រីជាន់ខ្ពស់ ថ្នាក់អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងស.អ.យ. សរុប៨០នាក់។

គោលបំណងនៃការបង្កើតវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងស.អ.យ. និងដើម្បីអនុវត្តតាមអនុសាសន៍ទី១៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួង កាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ ។

សិក្ខាសាលានេះផ្ដោតលើប្រធានបទដែលមានចំនួន ៣គឺ៖ ទី១. សេចក្តីផ្តើមសង្គមកិច្ច ទី២. ការគ្រប់គ្រងករណី និង ទី៣. ជំនួបគាំទ្របច្ចេកទេស ដែលជាមូលដ្ឋានការងារសង្គមកិច្ច។ សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





