និស្សិត UME បន្ទាយមានជ័យ ទទួលបានវគ្គបណ្ដុះបណ្ដាលសង្គ្រោះបឋមពីកាកបាទក្រហមកម្ពុជា
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំវគ្គផ្សព្វផ្សាយចំណេះដឹងសង្គ្រោះបឋមជូនដល់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបន្ទាយមានជ័យ។ វគ្គនេះត្រូវបានធ្វើឡើងដោយអនុលោមតាមផែនការសកម្មភាព និងថវិការបស់សាខាឆ្នាំ២០២៥ ដោយមានការចូលរួមពីនិស្សិតចំនួន៥៥នាក់ ក្នុងនោះស្រី ៤៧ នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក សុខ លាភាជា នាយិកាប្រតិបត្តិស្តីទីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។

វគ្គបណ្ដុះបណ្ដាលនេះបានផ្ដោតសំខាន់ទៅលើប្រធានបទស្នូលៗមួយចំនួន ដែលមានសារៈសំខាន់សម្រាប់ការសង្គ្រោះបឋមក្នុងករណីបន្ទាន់។ ប្រធានបទទាំងនោះរួមមាន តួនាទីអ្នកសង្គ្រោះបឋមពន្យល់អំពីភារកិច្ច និងទំនួលខុសត្រូវរបស់អ្នកផ្ដល់ជំនួយដំបូង។ គោលការណ៍គ្រឹះវិជ្ជាសង្គ្រោះបឋម បង្ហាញអំពីគោលការណ៍សំខាន់ៗដែលត្រូវអនុវត្តក្នុងការជួយជនរងគ្រោះ។ ដាក់ដំណេកសុវត្ថិភាពដល់ជនរងគ្រោះ បង្រៀនពីរបៀបដាក់ជនរងគ្រោះក្នុងទីតាំងសុវត្ថិភាពដើម្បីការពារផលវិបាកបន្ថែម។ វិបត្តិផ្លូវដង្ហើម ពន្យល់អំពីរបៀបដោះស្រាយបញ្ហាផ្លូវដង្ហើមដែលគំរាមកំហែងដល់អាយុជីវិត។ ស្លាក់ បង្ហាញពីបច្ចេកទេសសង្គ្រោះបឋមចំពោះករណីស្លាក់។ ការហូរឈាម បង្រៀនពីវិធីបញ្ឈប់ការហូរឈាមធ្ងន់ធ្ងរ។ ការបាក់ឆ្អឹងផ្ដល់ចំណេះដឹងអំពីរបៀបដោះស្រាយ និងទប់ស្កាត់ការរងរបួសបន្ថែមចំពោះករណីបាក់ឆ្អឹង។

បន្ទាប់ពីបានចូលរួមវគ្គផ្សព្វផ្សាយនេះ និស្សិតទាំងអស់បានបង្ហាញការយល់ដឹងកាន់តែច្បាស់អំពីវិជ្ជាសង្គ្រោះបឋម។ ពួកគេមានទំនុកចិត្តថានឹងអាចយកចំណេះដឹងដែលទទួលបានទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ និងសហគមន៍របស់ខ្លួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពសាធារណៈ។

ក្នុងឱកាសនោះ លោកស្រី សុខ លាភា នាយិកាប្រតិបត្តិស្តីទីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា «ការផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់និស្សិត ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី។ ការមានចំណេះដឹងផ្នែកសង្គ្រោះបឋម គឺមិនត្រឹមតែអាចជួយសង្គ្រោះខ្លួនឯងបាននោះទេ ថែមទាំងអាចជួយសង្គ្រោះអ្នកដទៃនៅជុំវិញខ្លួន ពេលមានអាសន្នបានទាន់ពេលវេលា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងយកចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ ទៅអនុវត្តជាក់ស្តែង និងផ្សព្វផ្សាយបន្តទៅកាន់សហគមន៍ ដើម្បីចូលរួមចំណែកកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ។ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនឹងបន្តបេសកកម្មមនុស្សធម៌នេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនាពេលអនាគត»៕


ដោយ ឈុន សារ៉ាត





