ឯកឧត្តម អ៊ុន ចាន់ដា៖ ខេត្តកំពង់ចាមមានការងារប្រមាណជាង១ម៉ឺនកន្លែងនៅរង់ចាំទទួលពលករខ្មែរ
AKP កំពង់ចាម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាមមានការងារប្រមាណជាង១ម៉ឺនកន្លែងដែលត្រូវការកម្លាំងពលកម្មហើយ នៅរង់ចាំទទួលពលករខ្មែរ ដែលមកពីប្រទេសថៃ ដែលរដ្ឋបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនពលករដែលមានបំណងមកដាក់ពាក្យសុំរកការងារនៅតាមរោងចក្រ សហគ្រាស នៅខេត្តកំពង់ចាមយើង ព្រោះបច្ចុប្បន្នខេត្តនៅខ្វះកម្លាំងពលកម្មនៅឡើយ។

ការលើកឡើងរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនាឱកាសជួបសំណេះសំណាល និងនាំយកឯកសណ្ឋានប្រយុទ្ធចំនួន ២.០០០ឈុត ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់ជូនកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពង់ចាមមានការងារប្រមាណជាង១១០០០កន្លែងនៅរង់ចាំទទួលពលករខ្មែរ។ ដូចនេះ រដ្ឋបាលខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនជាពលករអាចដាក់ពាក្យរកការងារនៅតាមរោងចក្រ សហគ្រាសនៅខេត្តកំពង់ចាមយើង ព្រោះបច្ចុប្បន្ននៅខ្វះកម្លាំងពលកម្ម ដែល ប្រាក់កម្រៃទទួលបានទាបបំផុតពី ២៥០ដុល្លារក្នុង១ខែលើកម្មករពុំមានជំនាញ និងអាចច្រើនជាងនេះចំពោះកម្មណាដែលមានជំនាញច្បាស់លាស់អាចឈានរហូតដល់ពាន់ដុល្លារឯណោះ។ រដ្ឋបាលបានត្រៀមលក្ខណៈក្នុងការជួយសម្រួល និងអន្តរាគមន៍ដល់ពលករខ្មែរដែលត្រូវត្រឡប់មកវិញ ដែលមានបំណងអាចស្វែងរកក្នុងខេត្ត និងនៅទូទាំងប្រទេស ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ការដែលយើងធ្វើការនៅស្រុកយើងល្អជាជាងទៅធ្វើការងារនៅក្រៅប្រទេស ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាយើងបានគិតគូរពីអនាគតរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕



ដោយ ឆាយ ម៉ុត





