សម្ដេចតេជោ ហ៊ុន សែន៖ ឪពុកម្តាយគ្មានសេចក្តីសុខ ឬ ការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ។

នៅលើបណ្ដាញទំនក់ទំនងសង្គម នារសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា បងប្អូនប្រុស៣នាក់នេះ ម្នាក់ពាក់អាវខ្មៅចាប់យកអាជីពការងារខុស ហើយដោយសារអត់មានសក់ក្បាលហើយអត់មានមួកពាក់ទៀត។ ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។ សម្ដេចតេជោបន្តថា បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ានក៏ទៅ ស្លៀកស៊ីវិលក៏ទៅ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។ សម្ដេចតេជោលើកឡើងថា កាលពីតូចសក់ច្រើនជាងគេ ពេលនេះអត់សក់ទៅវិញ តែក៏ស្រួលម្យ៉ាងដែរមិនពិបាកចំណាយពេលសិតសក់មុនពេលចេញដំណើរ។

សម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់បន្ថែមថា ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នានិងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ៕
ដោយ៖ ជឹម ណារី





