កសិករស្រុកបន្ទាយមាសរកប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមសត្វប្រចៀវយកលាមកលក់
AKP កំពត ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- កសិកររស់នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត បានលើកឡើងថា ពួកគាត់បានចិញ្ចឹមប្រចៀវតាំងពីអំឡុងឆ្នាំ១៩៩០មកម្ល៉េះ គ្រួសារខ្លះមានចិញ្ចឹមរហូតដល់៤ទៅ៥សំបុក។ ការចិញ្ចឹមប្រចៀវងាយ ហើយអាចរកប្រាក់ចំណូលបន្ថែមបានគួរសម ដោយ១សំបុកអាចប្រមូលលាមកលក់បាន២០ទៅ៣០ម៉ឺនក្នុងមួយខែ។ អ្នកប្រមូលទិញលាមកប្រចៀវថា បើមានតម្រូវការត្រឹម១ថ្ងៃ១តោន គាត់អាចរកទិញឱ្យបាន។

លោក តេន សុខ កសិកររស់នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ថា "ការចិញ្ចឹមប្រចៀវគ្មានអ្វីពិបាកទេ ឱ្យតែចេះធ្វើតែសំបុកឱ្យវានៅជាការស្រេច។ ហើយក្នុង១ថ្ងៃគាត់អាចលក់អាចម៍ប្រចៀវបាន២ទៅ៣ម៉ឺនរៀលដែរ សម្រាប់រួចថ្លៃម្ហូប និងតម្រូវការនាយអាយក្នុងជីវភាពប្រចាំថ្ងៃ។"

អ្នកចិញ្ចឹម និងប្រមូលទិញលាមកសត្វប្រចៀវ នៅភូមិឃុំពោធិ៍ ឃុំបន្ទាយមាសខាងកើត អ្នកស្រី ឈឹម សៀប បានប្រាប់ឱ្យដឹងដែរថា ការចិញ្ចឹមសត្វប្រចៀវអាចធ្វើឱ្យគ្រួសារគាត់មានជីវភាពល្អប្រសើរឡើង។ ជាទូទៅប្រចៀវ១សំបុក (ប្រើស្លឹកត្នោតប្រមាណ២០០ធាង) អាចផ្តល់ចំណូលបានពី២០ទៅ៣០ម៉ឺនក្នុងមួយខែ។

លោក គឹម វណ្ណី ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយមាស បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃដដែលថា ស្រុកបន្ទាយមាសមានកសិករ២ឃុំចិញ្ចឹមសត្វប្រចៀវច្រើន គឺឃុំបន្ទាយមាសខាងកើត និងឃុំត្នោតចុងស្រង់។ ហើយស្រុកក៏មានសហគមន៍តំបន់ការពារធម្មជាតិ “សត្វប្រចៀវភ្នំគៀនជុំព្រះគុហារហ្លួង” នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិចមួយកន្លែងទៀត ដែលអាចប្រមូលលាមកប្រចៀវបាន ចន្លោះពី ៤០ ទៅ៥០ធុង (ធុងថ្នាំពណ៌លាបផ្ទះ) ក្នុងមួយថ្ងៃៗ៕


ដោយ ប្រាក់ លាង





