ប្រធានសហគមន៍លើកទឹកចិត្តពលរដ្ឋឱ្យបង្កើនការដាំបន្លែវិលជុំ និងចងក្រងជាបណ្តុំដើម្បីមានទីផ្សារល្អ
AKP កំពត ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- ស្របពេលដែលច្រកទ្វារព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជាបណ្តោះអាសន្ន ប្រធានបណ្តុំបន្លែសុវត្ថិភាពនៅសហគមន៍ព្រៃតាព្រឹកសាមគ្គីមានជ័យ ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យរួមគ្នាបង្កើនការដាំដុះបន្លែលក្ខណៈវិលជុំ និងចងក្រងជាបណ្តុំដើម្បីមានទីផ្សារល្អ ពិសេសសូមកុំព្យាយាមធ្វើចំណាកស្រុក។

លោក យឹម បុណ្យ ប្រធានបណ្តុំបន្លែសុវត្ថិភាពសហគមន៍ព្រៃតាព្រឹកសាមគ្គីមានជ័យ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ថា ដោយឆ្លងកាត់បទពិសោធន៍ដាំបន្លែចម្រុះវិលជុំជាច្រើនឆ្នាំ លោកមានបច្ចេកទេសគ្រប់គ្រាន់ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលចង់ដាំបន្លែ ទាំងនៅខាងក្រៅ និងក្នុងផ្ទះសំណាញ់ ពិសេសការដាំបន្លែសុវត្ថិភាពវិលជុំ ដើម្បីមានប្រាក់ចំណូលប្រចាំថ្ងៃ រក្សាជីវជាតិដី និងកាត់បន្ថយសត្វល្អិតចង្រៃ។ ដើម្បីលើកកម្ពស់ការដាំដុះបន្លែ និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ខណៈដែលច្រកទ្វារព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជាបណ្តោះអាសន្ន គ្មានការនាំចូលបន្លែពីប្រទេសថៃនោះ លោកមានគម្រោងពង្រឹងសហគមន៍ឲ្យកាន់តែប្រសើរតាមរយៈការដាំបន្លែប្រវាស់ដៃគ្នា (អ្នកខ្លាំង ជួយអ្នកខ្សោយ ឬ អ្នកមាន ជួយអ្នកមិនសូវមាន) ដើម្បីអាចឈានទៅពង្រីកសមាជិកបន្ថែមផងដែរ ប៉ុន្តែវាក៏អាស្រ័យទៅលើការជួយជ្រោមជ្រែកផ្នែកថវិកាគម្រោងផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធានបណ្តុំបន្លែសុវត្ថិភាពនៅសហគមន៍ព្រៃតាព្រឹកសាមគ្គីមានជ័យក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខិតខំប្រឹងប្រែងធ្វើកសិកម្ម ដាំបន្លែ និងចិញ្ចឹមសត្វផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាព ហើយសូមកុំព្យាយាមធ្វើចំណាកស្រុក។

សូមបញ្ជាក់ថា សហគមន៍ព្រៃតាព្រឹកសាមគ្គីមានជ័យ មានសមាជិក១២១គ្រួសារ ក្នុងនោះមានអ្នកចិញ្ចឹមសត្វភាគច្រើន ហើយអ្នកដាំបន្លែប្រហែល៣០គ្រួសារប៉ុណ្ណោះ ដោយសារកង្វះដើមទុន៕


ដោយ ប្រាក់ លាង





