វេទិកាផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ៖ ការពារកុមារពីគ្រោះថ្នាក់ឌីជីថល
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- វេទិកាផ្សព្វផ្សាយដ៏សំខាន់មួយ ស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យនៅសាលាអនុវិទ្យាល័យតាឡំ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយវេទិកានេះមានគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពក្នុងការការពារកុមារពីហានិភ័យនានាដែលកើតឡើងពីការប្រើប្រាស់ប្រព័ន្ធអនឡាញ និងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ រួមជាមួយ លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប រួមមានសមាជិកក្រុមប្រឹក្សាខេត្ត ស្នងការរងខេត្ត មន្ទីរសង្គមកិច្ច អធិការស្រុក អង្គការដៃគូ លោកគ្រូ អ្នកគ្រូ និងជាពិសេសគឺសិស្សានុសិស្សសរុប ២៣៤នាក់ ក្នុងនោះស្រី ១២៧នាក់។

មានប្រសាសន៍បើកវេទិកា លោកជំទាវ ឈុត ដាលីន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសុវត្ថិភាពកុមារនៅក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល។ ប្រព័ន្ធអនឡាញបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់កុមារ និងយុវវ័យ ដែលផ្តល់ទាំងអត្ថប្រយោជន៍ និងហានិភ័យ។ "យើងទាំងអស់គ្នាមានភារកិច្ចរួមគ្នាក្នុងការធានាថា កុមារអាចរៀនសូត្រ កម្សាន្ត និងប្រាស្រ័យទាក់ទងគ្នានៅលើបណ្ដាញអនឡាញដោយសុវត្ថិភាព។" លោកជំទាវបានបន្តថា ការយល់ដឹងអំពីប្រភេទនៃគ្រោះថ្នាក់ដែលអាចកើតមានដូចជា ការបោកប្រាស់តាមអ៊ីនធឺណិត ការលួចបន្លំអត្តសញ្ញាណ ការគំរាមកំហែងតាមបណ្ដាញសង្គម និងការប៉ះពាល់ទៅនឹងខ្លឹមសារមិនសមរម្យ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងការទប់ស្កាត់។

ស្របគ្នានេះដែរ លោកស្រី រស់ សុផានី ដែលតំណាងឱ្យឯកឧត្តម អ៊ុ រាត្រី បានថ្លែងអំណរគុណចំពោះការរៀបចំវេទិកាដ៏មានសារៈប្រយោជន៍នេះ និងបានគូសបញ្ជាក់អំពីតួនាទីស្នូលរបស់អាណាព្យាបាល សាលារៀន និងសហគមន៍ទាំងមូលក្នុងការការពារកុមារ។ លោកស្រីបានលើកទឹកចិត្តឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់បង្កើនការយកចិត្តទុកដាក់តាមដាន និងណែនាំកូនៗអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ។

លោកស្រីបានបន្ថែមថា "វាជារឿងចាំបាច់ដែលយើងត្រូវបំពាក់ចំណេះដឹង និងជំនាញដល់កុមារ ដើម្បីឱ្យពួកគេចេះការពារខ្លួនឯងពីគ្រោះថ្នាក់នានានៅលើប្រព័ន្ធអនឡាញ។ ការអប់រំអំពីការគិតពិចារណាមុននឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួន ការមិនជឿទុកចិត្តលើជនចម្លែកតាមអ៊ីនធឺណិត និងការរាយការណ៍អំពីករណីគំរាមកំហែង គឺជាគន្លឹះដ៏សំខាន់។" លោកស្រីក៏បានជំរុញឲ្យលោកគ្រូអ្នកគ្រូបញ្ចូលខ្លឹមសារស្តីពីសុវត្ថិភាពអនឡាញទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានការយល់ដឹងស៊ីជម្រៅតាំងពីវ័យក្មេង។

វេទិកានេះបានផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកចូលរួមទាំងអស់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងយោបល់ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។ វត្តមានរបស់មន្ត្រីជំនាញ អង្គការដៃគូ និងអ្នកពាក់ព័ន្ធជាច្រើនរូប បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងបរិស្ថានអនឡាញមួយប្រកបដោយសុវត្ថិភាពសម្រាប់កុមារកម្ពុជា។ ការសហការរវាងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងសហគមន៍ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅនេះ៕

ដោយ ឈុន សារ៉ាត





