អភិបាលស្រុកស្ទោងណែនាំដល់អាជ្ញាធរឃុំត្រូវប្រើប្រាស់ថវិកាមូលនិធិឃុំផ្តោតលើតម្រូវការជាអាទិភាព និងការចាំបាច់បំផុតរបស់ពលរដ្ឋ
AKP កំពង់ធំ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- ជាមួយនឹងការដោះស្រាយនូវបញ្ហាដែលបានលើកឡើងលើប្រធាបទក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូងនៅវត្តឈើទាល ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវប្រើប្រាស់ថវិកាមូលនិធិឃុំផ្តោតលើតម្រូវការជាអាទិភាព និងការចាំបាច់បំផុតរបស់ពលរដ្ឋ។

លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា អាជ្ញាធរឃុំត្រូវតែមានភាពម្ចាស់ការក្នុងការលើកឡើងពីគម្រោងផែនការអភិវឌ្ឍន៍នានារបស់ខ្លួន ជាពិសេសត្រូវមានផែនការមេ និងផែនការលម្អិត ដើម្បីទទួលបាននូវការចាប់អារម្មណ៍ ការជឿទុកចិត្ត និងការចូលរួមសហការពីសប្បុរសជន ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោងដែលមានឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន ហើយបានចុះជួយ និងអភិវឌ្ឍមូលដ្ឋានសព្វថ្ងៃ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំត្រូវចុះសិក្សា និងចុះឱ្យដល់ទីតាំងផ្ទាល់ ដើម្បីដោះស្រាយបញ្ហាសំណូមពរ ឬតម្រូវការជាក់ស្ដែង ដែលប្រជាពលរដ្ឋបានលើកឡើង ដើម្បីទទួលបាននូវព័ត៌មានពិតប្រាកដ និងចុះជួយបានត្រូវគោលដៅ និងទាន់ពេលវេលា ហើយត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារជាពិសេសការផ្ដល់សេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕


ដោយ ស៊ុម វណ្ណា





