ពិធីប្រគល់ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ
AKP កំពង់ធំ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន៦អដ្ឋិធាតុថ្មីទៀតដែលជីករុករកបាននៅក្នុងជំហានទី២ ដំណាក់កាលទី២៤រដូវប្រាំងឆ្នាំ ២០២៤ - ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តកំពង់ធំ និងលោកវរសេនីយ៍ឯកបម្រុង តុង ង៉ុកជឿង អនុប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពវៀតណាមK72 ខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការនិមន្តចូលរួមពីព្រះសង្ឃនាយទាហាន នាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមបច្ចេកទេសK72 ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត។

លោកវរសេនីយ៍ឯកបម្រុង តុង ង៉ុកជឿង បានឡើងរាយការណ៍អំពីលទ្ធផលនៃការជីករុករកអដ្ឋិធាតុក្នុងជំហានទីទី១និងជំហានទី ២ ដំណាក់កាលទី២៤ រដូវប្រាំងឆ្នាំ ២០២៤-២០២៥ នេះ ទទួលបានអដ្ឋិធាតុចំនួន១៤ អដ្ឋិធាតុ ព្រមទាំងបានធ្វើមាតុភូមិនិវត្តន៍រួចហើយនិងបានបញ្ជាក់អំពីការលំបាកនិងការងាយស្រួលក្នុងសកម្មភាពនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងដំណាក់កាលទី២៤នេះ ជូនអង្គពិធីផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការស្រាវជ្រាវជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម វិលត្រឡប់ទៅមាតុភូមិវិញ បានបញ្ជាក់ថា មកដល់ពេលនេះខេត្តកំពង់ធំបានសហការជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា បានចំនួន ១១៧៨ អដ្ឋិធាតុរួចហើយ ដោយបានចាប់ផ្ដើមដំណើរការស្រាវជ្រាវជីកគាស់យកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមនេះតាំងពីក្នុងរដូវប្រាំងឆ្នាំ២០០៣ រហូតដល់រដូវប្រាំងឆ្នាំ ២០២៥នេះ។ ចំពោះអដ្ឋិធាតុដែលស្រាវជ្រាវ និងសន្និដ្ឋានថានៅសេសសល់ប្រមាណ ចំនួនពី៦០ ទៅ៧០អដ្ឋិធាតុទៀត និងដំណើរការជីករុករកបន្ត តាមកិច្ចព្រមព្រៀងជាក់ស្ដែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោក ជា វ៉ាន់ចាន់ បានថ្លែងអំណរគុណចំពោះវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជាពិសេសបានសហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយបានរំដោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ឱ្យរស់រានមានជីវិតឡើងវិញ និងបានប្តេជ្ញាចិត្តថានឹងបន្តសហការជាមួយក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមK72នៃកងទ័ពប្រជាជនវៀតណាមដើម្បីបន្តស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុដែលនៅសេសសល់ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញបានជួបជុំសាច់ញាតិក្រុមគ្រួសារ ដែលកំពុងរង់ចាំ។

បន្ទាប់មកអង្គពិធីបានជូនដំណើរនិវត្តន៍របស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុK72ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ ប្រកបដោយសុវត្ថិភាព៕

ដោយ ស៊ុម វណ្ណា





