ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវរទេះមួយខ្សែ ចូលទៅកាន់ប្រាសាទបន្ទាយធំ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស
AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវរទេះមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវកូរ៉េវៀង (ចំណុចប្រណិត) តំបន់អង្គរ ចូលទៅកាន់ទីតាំងប្រាសាទ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅទស្សនាប្រាសាទបន្ទាយធំ។

ឯកឧត្តម ឆាយ ឬទ្ធិសែន បានលើកឡើងថា ដើមី្បស្ថាបនាផ្លូវមួយខែ្សប្រវែង ១.៥០០ម៉ែត្របាន ត្រូវមន្ត្រីជំនាញផ្លូវថ្នល់ ចុះធ្វើការសិក្សាជាមុន ដោយរួមសហការជាមួយ អាជ្ញាធរជាតិអប្សរា អំពីផលប៉ះពាល់ ដោយភូមិសាស្ត្រនេះ ជារមណីយដ្ឋានអង្គរ ដែលសម្បូរទៅដោយដើមឈើតូចធំ និង បូរាណដ្ឋាន។ ផ្លូវមួយខ្សែនេះមានរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា ចេញពីប្រាសាទបន្ទាយធំ ទៅកាន់ផ្លូវប្រាសាទព្រះខ័ន ក្នុងការបម្រើការធើ្វចរាចរណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា កម្សាន្ត នៅតាមប្រាង្គប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ។ ម៉្យាងទៀត សូមឱ្យក្រុមការងារជំនាញ ធ្វើការសិក្សា ក្នុងពង្រួញផ្លូវមួយខ្សែនេះឱ្យបានខ្លី ដើមី្បធ្វើការ បញ្ចៀសនូវការប៉ះពាល់ព្រៃឈើ និងផលដំណាំរបស់ប្រជាពលរដ្ឋជាដើម។

ឯកឧត្តម ហួត ហាក់ បានលើកផងដែរថា នៅពេលស្ថាបនាផ្លូវមួយខ្សែនេះរួច យើងនឹងទទួលបានភ្ញៀវចូល មកទស្សនាកម្សាន្ត នៅប្រាសាទបន្ទាយធំ និង ប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបម្រើខ្សែចង្វាក់ផលិកម្មសេដ្ឋកិច្ចជាតិ ព្រមទាំងបង្កើនសេដ្ឋកិច្ចគ្រួសារដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបានពីទេសចរ ក្នុងការលក់ដូរនូវវត្ថុអនុស្សាវរីយ៍។

សូមជម្រាបជូនថា ប្រាសាទបន្ទាយធំជាប្រាសាទលាក់ខ្លួននៅក្នុងព្រៃ សាងសង់នៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានទីតាំងស្ថិតនៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ៕

ដោយ ឃុត សៅ





