អាជ្ញាធរខេត្តកំពង់ឆ្នាំង រំលឹកខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥
AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងពីគម្រូវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូន អតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះប្រទេសជាតិ និងនាំឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់បែបយ៉ាងដូចសព្វថ្ងៃ ដោយពិធីនេះប្រារព្ធធ្វើនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពអាជ្ញារក្រុង ស្រុក មេបញ្ជាការ កងកម្លាំងទាំងបី និងគ្រួសារអតីតយុទ្ធជនជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក អម សុភា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ដល់បងប្អូន និងគ្រួសារអតីតយុទ្ធជនមានជីវភាពរស់នៅរបស់បងប្អូនដែលជួបការលំបាកដោយប្រការផ្សេងៗ បើទោះបីបងប្អូនរងពិការភាពព្រោះតែសង្គ្រាម តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែករាជរដ្ឋាភិបាលទាំងស្រុងនោះឡើយ និងកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងនេះ។

ទន្ទឹមនឹងនេះ លោកបានមានប្រសាសន៍បន្តថា ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ដែលបានប្រារព្ធធ្វើនៅឆ្នាំនេះ និងជារៀងរាល់ឆ្នាំកន្លងមក គឺជាការដឹងគុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាដោយមានគុណបំណាច់របស់ពូមីងជាវីរអតីតយុទ្ធជន ទើបយើងមានអ្វីៗដល់សព្វថ្ងៃនេះ។

ក្នុងបរិបទនេះដែរ លោកអភិបាលរងបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបន្តដឹកនាំជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាងដល់អ៊ំ ពូ មីង ជាវីរអតីតយុទ្ធជនទាំងការផ្ដល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះសម្បែង និងការដោះស្រាយជីវភាពលំបាកខ្វះខាតផ្សេងៗផងដែរ។ ក្នុងឱកាសពេលនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្តកំពង់ឆ្នាំងបាននាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់គ្រួសារអតីតយុទ្ធជន ក្នុងនោះមាន អង្ករ មី ទឹកត្រី ត្រីខ ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕

ដោយ បៃ ស៊ីថុន





