ឯកឧត្តមអភិបាលខេត្តព្រះសីហនុជួបសំណេះសំណាល និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ នៅស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ មកកាន់លំនៅឋានវិញនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅសាលាស្រុកព្រៃនប់ កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍សង្ខេបស្តីពីពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ក្នុងឃុំទាំង១០នៃស្រុកព្រៃនប់ ដែលបានទៅធ្វើការងារជាពលករនៅក្នុងប្រទេសថៃ ហើយត្រូវបានវិលត្រឡប់មកបំពេញការងារជាកម្មករនៅក្នុងស្រុកវិញសរុបចំនួន៣២នាក់ ស្រី១៨នាក់ ស្មើនឹង១៣គ្រួសារ ក្នុងនោះមាននិស្សិតចំនួន០២នាក់ ព្រោះតម្រូវការរបស់កម្ពុជាត្រូវការកម្លាំងពលកម្មនៅក្នុងប្រទេស ជាពិសេសក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងស្រុកព្រៃនប់ គឺមានតម្រូវការកម្មករជាច្រើនម៉ឺននាក់។

ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ ព្រោះភាគីថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា ដោយផ្អែកលើស្ថានភាពជម្លោះនៅព្រំដែនរវាងកម្ពុជា និងប្រទេសថៃ នៅតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រសាទតាក្របី។ ចំពោះគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដី គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់ តាមរយ:តុលាការយុត្តិធម៌អន្តរជាតិ (ICJ) សូមបងប្អូនត្រូវមានជំនឿទុកចិត្តចំពោះគោលនយោបាយ និងយន្តការរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃ ក្នុងគោលបំណងរក្សានូវសុខសន្តិភាព និងអធិបតេយ្យភាពជាតិប្រកបដោយសន្តិភាព សន្តិវិធី និងប្រព័ន្ធច្បាប់អន្តរជាតិ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុមានការងារជាង៤ពាន់កន្លែងនៅរង់ចាំទទួលពលករខ្មែរ ទន្ទឹមនោះរដ្ឋបាលខេត្តចង់ឱ្យបងប្អូនងាកមករកការងារនៅតាមរោងចក្រ សហគ្រាសនៅខេត្តព្រះសីហនុ ព្រោះបច្ចុប្បន្នកម្ពុជានៅខ្វះកម្លាំងពលកម្ម ហើយរដ្ឋាភិបាលក៏បានត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់ពលករខ្មែរដែលត្រូវត្រឡបមកវិញក្នុងការជួយសម្របសម្រួលជីវភាពប្រចាំថ្ងៃ តាមរយ:កញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនូវរបបសន្តិសុខសង្គម ប្រាក់សោធមននិវត្តន៍ ព្រោះវាមានអត្ថប្រយោជន៍៣យ៉ាង៖ ១. អត្ថប្រយោជន៍សុខភាព ២. អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ និង៣. ប្រាក់សោធននិវត្តន៍ ហើយក្នុងវិស័យឯកជននៅកម្ពុជាទទួលបានអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍គ្រប់ៗគ្នាដូចមន្ត្រីរាជការដែរ នៅពេលយើងមានកម្លាំងធ្វើការទទួលបានប្រាក់ប្រចាំខែ នៅពេលយើងចាស់ យើងមានប្រាក់សោធននិវត្តន៍ចូលក្នុងគណនេយ្យរបស់យើង។ ប្រសិនបើយើងទៅធ្វើការនៅប្រទេសថៃ នៅពេលយើងមានកម្លាំងធ្វើការទទួលបានប្រាក់ខែ ក៏ប៉ុន្តែនៅពេលយើងចាស់មិនមានប្រាក់សោធននិវត្តន៍ដូចនៅកម្ពុជានោះទេ។ ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ហើយមានការងារជាច្រើនកន្លែងនៅរង់ចាំបងប្អូន។
ឯកឧត្តមអភិបាលបានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្តោតសំខាន់ទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ យើងធ្វើការនៅស្រុកយើងល្អជាជាងទៅធ្វើការងារនៅក្រៅប្រទេស ព្រោះរាជរដ្ឋាភិបាលបានគិតគូរពីអនាគតរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនពលករដែលវិលពីប្រទេសថៃចំនួន ៣៣នាក់ ស្រី១៨នាក់ ស្មើនឹង ១៣គ្រួសារ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីងៀត ១គីឡូ ទឹកត្រី ១យួរ ឃីតមួយកញ្ចប់ (សារុង មុង ភួយ ក្រម៉ា) និងថវិកា ១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





