អង្គការ CI និងនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងជើងបឹងទន្លេសាប រៀបចំកិច្ចប្រជុំប្រចាំខែ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥-- មន្ត្រីអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) បានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ថា អង្គការ CI បានសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងជើងបឹងទន្លេសាបនៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំប្រចាំខែ រួមដំណើរទស្សនកិច្ចទៅកាន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ និងមន្ទីរបរិស្ថានខេត្តទាំងបួន រួមមានមន្ទីរបរិស្ថានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ទៀតផង។

កិច្ចប្រជុំនេះមានគោលបំណងបង្កើនទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធការអនុវត្តច្បាប់សំខាន់ៗ ស្វែងយល់បន្ថែមអំពីការអនុវត្តច្បាប់ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ កំណត់អាទិភាព និងតម្រូវការលើការគាំទ្រការអនុវត្តច្បាប់ និងពិនិត្យលទ្ធភាពជួសជុលប្រព័ន្ធសូឡា និងវិទ្យុទាក់ទងដែលខូចខាតនៅតាមបណ្តាស្នាក់ការឧទ្យានុរក្ស ក្រោមការឧបត្ថម្ភគាំទ្រដោយគម្រោង។ ក្នុងដំណើរនេះ អង្គការCIបានពិភាក្សាផងជុំវិញប្រធានបទស្តីពីការគ្រប់គ្រងតំបន់ការពារជាមួយប្រធានមន្ទីរបរិស្ថានទាំងបួន។ ជាលទ្ធផល ក្រុមការងារបានស្វែងយល់បន្ថែមអំពីលទ្ធផល និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់កន្លងមក ព្រមទាំងបានកំណត់នូវការគាំទ្រផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងការអនុវត្តច្បាប់បន្ថែមក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ឱ្យកាន់តែមានប្រសិទ្ធភាព។

កាលពីដើម់សូមបញ្ជាក់ថា សកម្មភាពមានការចូលរួមពីប្រធានមន្ទីរបរិស្ថាន មន្ត្រីមន្ទីរបរិស្ថាន ខេត្តទាំងបួន និងមន្ត្រីឧទ្យានុរក្ស ដែលមានអ្នកចូលរួមសរុប ១៣៩នាក់ ស្ត្រី ១៥នាក់៕

ដោយ ណយ នឿន (ប្រភព៖ CI)





