ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការគណ:កម្មាធិការសមាគមអតីតយុទ្ធជន ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥--
រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ គណ:កម្មាធិការសមាគមអតីតយុទ្ធជន ស.អ.ក. ខេត្តព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយត្រី នូវ សំអុល ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ បានធ្វើរបាយការស្តីពីការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមសម្រាប់បម្រើនូវសេវាតម្រូវការចាំបាច់ផ្សេងៗជូនបងប្អូនអតីតយុទ្ធជនយើងឪ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ អគារទីស្នាក់ការនេះមានទំហំ ២២៨.៨ ម៉ែត្រការ៉េ ធ្វើអំពីបេតុង ប្រក់ក្បឿង ចែកចេញជា ០៦បន្ទប់ ក្នុងនោះ បន្ទប់ធ្វើការរបស់ប្រធាន ០១បន្ទប់ បន្ទប់លេខាធិការដ្ឋាន ០១បន្ទប់ បន្ទប់ពិធីការ ០១បន្ទប់ សាលប្រជុំ ០១បន្ទប់ បន្ទប់ទឹក ០២បន្ទប់ ត្រូវចំណាយថវិកាក្នុងការសាងសង់សរុបជាង ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិច លើផ្ទៃដីដែលអាជ្ញាធរខេត្តបានសម្រេចផ្តល់ជូនមានទំហំបណ្តោយ ១៥០ម៉ែត្រ និងទទឹង ៥០ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ។


ឯកឧត្ដម ម៉ាង ស៊ីណេត ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ថ្លែងអំណគុណដលអតីតយុទ្ធជន យុទ្ធនារីដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណ ភាពទឹកដីរហូតកម្ពុជាទទួលបានសុខសន្តិភាព ហើយវីរភាពរបស់អតីតយុទ្ធជនរបស់យើងដក់ជាប់នៅក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូបដែលមិនអាចបំភ្លេចបាន សំដៅធានាឱ្យមានការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកានៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានខិតខំ យកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតី សាមគ្គីភាពជួយគា្នទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជននិងគ្រួសារ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិបានយ៉ាងល្អប្រសើគួរជាទីមោទក ។

ឯកឧត្ដម អភិបាលខេត្ត ធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជន យុទ្ធនារី ដូចខាងក្រោម៖ ១-បងប្អូនអតីតយុទ្ធជនបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ។ ២-មន្ទីរ អង្គភាព និងអាជ្ញាធរដែនដីត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូល ដ្ឋាន និងយុទ្ធជន យុទ្ធនារីដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការជាដើម។ ៣-មន្ទីរសង្គមកិច្ច ផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិ។ ៤-មន្ទីររៀបចំដែន ដី និងមន្ទីរសង្គមកិច្ច បន្តជំរុញការអនុវត្តគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

៥-មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក។ ៦-សមា គមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ត្រូវបន្តពង្រឹងពង្រីកសកម្មភាពលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ យកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា ដោយបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនឹងត្រូវធ្វើឡើងដោយ ឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ។

ក្នុងឪកាសនោះ ឯកឧត្ដម ម៉ាង ស៊ីណេត បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថមជូនអតីតយុទ្ធជនចំនួន ១២០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យូរ និងថវិកា ៥០ ០០០រៀល ៕
ដោយ៖ ងូ សុមុនី





