ដុតកម្ទេចគ្រឿងញៀនរាប់សិបគីឡូក្រាម ដែលរឹបអូសបាននៅខេត្តបាត់ដំបង
AKP ខេត្តបាត់ដំបង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥--
គ្រឿងញៀនជាច្រើនគីឡូក្រាមត្រូវបានអាជ្ញាធរធ្វើការដុតកម្ទេចចោលកាលពីរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវេណព្រលានយន្តហោះបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយមានការប្រារព្ធពិធីដែលផ្តោតលើប្រធានបទ រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀន (២៦/០៦/២៥) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

តាមរបាយការណ៍របស់សាលាដំបូងខេត្តបាត់ដំបងបានបញ្ជាក់ថា គ្រឿងញៀនដែលធ្វើការកំទេចនៅថ្ងៃនេះគឺបានពីការរឹបអូសមកពីខេត្តចំនួន ៦ ក្នុងនោះគឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ យោងរបាយការណ៍តាមខេត្តនីមួយៗគឺ ១.ខេត្តបាត់ដំបង មាន ១៦០ សំណុំរឿង ដែលក្នុងនោះមានថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ ២៦៤ ៥៩៣,៣៧ ក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១៨ ៣១០ គ្រាប់។ ២.ខេត្តពោធិ៍សាត់ មាន ១៤២ សំណុំរឿង មានថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ ២ ៨៧៧,០១ ក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៣៧២ គ្រាប់។ ៣. ខេត្តបន្ទាយមានជ័យ មាន ១៣២ សំណុំរឿង មានថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ ៤៣ ៨៩៨,២៣ ក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១២ ១២៩ គ្រាប់។ ៤.ខេត្តឧត្តរមានជ័យ មាន ៦៧ សំណុំរឿង មានថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ ១ ៤២២,០១ ក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១០២ គ្រាប់។ ៥.ខេត្តសៀមរាប មាន ១២២ សំណុំរឿង មានថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ ២៦ ៦៨៥ ក្រាម ។ ៦.ខេត្តប៉ៃលិន មាន ៥៦ សំណុំរឿង មានថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ ២ ៩១១,៧១ ក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ២ ៦៤៩ គ្រាប់។
សរុបថ្នាំញៀនដែលត្រូវកម្ទេចចោលនៅថ្ងៃនេះគឺ ថ្នាំញៀនប្រភេទម៉ាទឹកកកមានទម្ងន់ ៣៤២ ៣៨៧,៤៥ ក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៣៣ ៥៦២ គ្រាប់ ៕



ដោយ៖ សុផល





