ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារចំនួន១៣ ដល់មណ្ឌលថែទាំរបស់អង្គការ និងសមាគមចំនួន១៣
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥-- ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារចំនួន១៣ ដល់មណ្ឌលថែទាំរបស់អង្គការ និងសមាគមចំនួន១៣ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ថេង ឆវីរិទ្ធ អគ្គនាយករងសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។


ក្នុងឱកាសនោះ លោក ថេង ឆវីរិទ្ធ បានផ្តល់នូវការណែនាំដល់អង្គការ សមាគម ដើម្បីធានាថាការផ្ដល់សេវាថែទាំជំនួស ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងគោលដៅការពារឧត្តមប្រយោជន៍ និងសុខុមាលភាពកុមារ ដូចជា៖ ទី១. ត្រូវអនុវត្តតាមច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចការពារកុមារ។ ទី២. មណ្ឌលត្រូវគោរពឱ្យបានដាច់ខាតតាមប្រកាសលេខ ៦១៦ ស.អ.យ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការថែទាំកុមារក្នុងមណ្ឌល។ ទី៣. អង្គការ និងសមាគមមិនមែនរដ្ឋាភិបាល មណ្ឌលថែទាំកុមារ ត្រូវទទួលវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ ស្តីពីគុណវឌ្ឍិអង្គការ សុវត្ថិភាពពីក្រសួង ស.អ.យ ដើម្បីបង្ការទប់ស្កាត់ រាយការណ៍និងឆ្លើយតបចំពោះករណីរំលោភបំពាន។ ទី៤. ការអនុញ្ញាតឱ្យកុមារមករស់នៅក្នុងមណ្ឌលថែទាំកុមារ ត្រូវគោរពតាមនីតិវិធី អនុវត្តគោលនយោ បាយ ស្តីពីការថែទាំជំនួសចំពោះកុមារ ហើយការទុកដាក់កុមារនៅក្នុងមណ្ឌលថែទាំជាជម្រើសចុងក្រោយ និងបណ្ដោះអាសន្ន។ ទី៥. បន្តតាមដានកុមារដែលបានធ្វើសមាហរណកម្មទៅកាន់គ្រួសារក្នុងសហគមន៍ ដើម្បីធានាថាពួកគេទទួលបាន សុខុមាលភាព និងសុវត្ថិភាពនៅក្នុងសហគមន៍ និងទី៦. អង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ដែលមិនមានកិច្ចព្រមព្រៀងគម្រោង ត្រូវស្នើសុំការគាំទ្រគម្រោងកម្មវិធី (MoU) ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរក្សាបាននូវគោលការណ៍ អព្យាក្រឹត្យ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្ដល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពមណ្ឌលថែទាំស្របតាមបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ អនុលោមតាមអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ និងប្រកាសលេខ ៣០៨ ស.អ.យ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ស្តីពីលក្ខខណ្ឌ និងទម្រង់បែបបទ នៃការស្នើសុំការអនុញ្ញាតបង្កើតមណ្ឌលថែទាំកុមារ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





