រដ្ឋបាលរាជធានីភ្នំពេញ ៖ ផ្លូវថ្មើជើង (Walk Street) យប់ថ្ងៃអាទិត្យ ទី២២ មិថុនានេះ ក្លាយជាសមុទ្រមនុស្សមិនតិចជាងពិធីបុណ្យអុំទូកនោះទេ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥--
អ្នកមកដើរកម្សាន្តនៅផ្លូវថ្មើជើង (Walk Street) នាយប់ថ្ងៃអាទិត្យ ទី២២ មិថុនានេះ ក្លាយជាសមុទ្រមនុស្សមិនតិចជាងពិធីបុណ្យអុំទូកនោះទេ។ នារាត្រីថ្ងៃអាទិត្យ ទី២២ មិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញដើរថ្មើរជើងកម្សាន្តសប្បាយរីករាយទឹកមុខញញឹមរាក់ទាក់ថតរូបស៊ែលហ្វីជាមួយបងប្អូនដែលមកដើរកម្សាន្តតាមផ្លូវថ្មើជើង (Walk Street) នេះទៀតផងហើយក៏ឆ្លៀតពិនិត្យស្ថានភាពសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបញ្ហាអនាម័យបរិស្ថាននៅផ្លូវថ្មើរជើងនេះផង ធ្វើយ៉ាងណាបរិស្ថានស្អាត និងមានសោភ័ណភាពល្អគ្រប់ពេលវេលាផងដែរ។

ពិតណាស់សប្តាហ៍នេះ នៅរាត្រីថ្ងៃអាទិត្យ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិនិងអន្តរជាតិមកដើរលេងកម្សាន្តផងទស្សនាសិល្បៈផងដើរទិញរបស់របផងហើយហូបអាហារទៅតាមតូប ស្តង់នៅតាមផ្លូវថ្មើជើង (Walk Street) កាន់តែច្រើន លើសថ្ងៃមុនៗ មិនតិចជាងពិធីបុណ្យអុំទូកនោះទេ ធ្វើឱ្យផ្លូវថ្មើជើងដែលបានបង្កើតឱ្យមានជាលើកដំបូងនៅរាជធានីភ្នំពេញនេះបានក្លាយជាសមុទ្រមនុស្សក៏ថាបាន។

នេះបើយោងតាមបណ្តាញសង្គមហ្វេសបុករបស់ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានសរសេររៀបរាប់ថា «ថ្ងៃនេះ បងប្អូនអញ្ជើញមកគាំទ្រ Walk Street កាន់តែច្រើន លើសថ្ងៃមុនៗ មិនតិចជាងពិធីបុណ្យអុំទូកនោះទេយើងអាចប្រសិទ្ធនាមថា រាត្រីសមុទ្រមនុស្សក៏ថាបាន។ សូមជូនពរបងប្អូនសុខភាពល្អ អញ្ជើញដើរលេងកម្សាន្តសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព។

ផ្លូវថ្មើរជើង (Walk Street) ដែលទើបមានជាលើកដំបូងនៅរាជធានីភ្នំពេញ ជាការផ្តួចផ្តើមរបស់ឯកឧត្ដម ឃួង ស្រេង អភិរាជធានីភ្នំពេញ ក្រោមចក្ខុវិស័យប្រកបដោយភាពឈ្លាសវៃប៉ីនប្រសព្វរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជាដើម្បីផ្តល់វិសាលភាពនៃកន្លែងដើរលេងកម្សាន្តឱ្យកាន់តែច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាចុងសប្តាហ៍។
សូមបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នបានជិត៦ខែនេះពិតជាទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ៕
ដោយ សួស សំរិត





