ពិធីប្រកាសផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥--
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល័ង្ក លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ និងលោក យូ ចាន់ឌី ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្សព្វផ្សាយកំណត់តំបន់រវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នៅក្នុងឃុំទួលគ្រើល និងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនាព្រឹកថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២៥ នៅវត្តពុទ្ធបល្ល័ង្គហៅវត្តភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក វណ្ណ: សោភានិត បានលើកទឹកចិត្តដល់អាជ្ញាធរឃុំសាលាវិស័យ និងឃុំទួលគ្រើល ត្រូវនាំគ្នាអនុវត្តតួនាទីភារកិច្ចបានមានប្រសិទ្ធភាពជាពិសេសនាំគ្នាបើកផ្លូវឬទុកដីចំណីផ្លូវ ដីចំណីស្ទឹង ចំណីអូរព្រែកឬបឹងបួរ ឱ្យបានធំទូលាយទៅតាមច្បាប់ភូមិបាលដើម្បីបានផ្លូវធំទូលាយ សម្រាប់ប្រើប្រាស់ទៅអនាគតនិងយូរអង្វែង និងមានប្រព័ន្ធរំដោះទឹកបានធំទូលាយដើម្បីបញ្ជៀសនូវការជនលិចភូមិឋាន។ ត្រូវណែនាំពលរដ្ឋ ឱ្យត្រៀមលក្ខណៈនិងឯកសារពាក់ព័ន្ធនានា ដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ជាដើម ឬឯកសារចាំបាច់ណាមួយដែលក្រុមបច្ចេកទេសចុះបញ្ជីត្រូវការ ក្នុងការចុះបញ្ជីឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាដើម្បីក្រុមការងារបានធ្វើការនេះបានទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក អ៊ឹម សុឌីណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារ ទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះនឹងទៅអនាគត។

លោកប្រធានមន្ទីរបានកោតសរសើរមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់មូលដ្ឋាន ដែលបាន និងកំពុងសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការចុះវាស់វែងដី ដើម្បីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងពន្លឿនឱ្យការចេញបណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋបានលឿនទាន់ពេលវេលា។ទន្ទឹមនឹងនេះលោកបានណែនាំដល់ម្ចាស់ដីដែលមានបំណងចង់ធ្វើមរតកជូនកូនចៅ ត្រូវត្រៀមលក្ខណៈនិងឯកសារគ្រប់គ្រាន់ក៏ដូចជាការបំបែកក្បាលដី និងកំណត់ព្រំដីឱ្យបានច្បាស់លាស់ដើម្បីក្រុមបច្ចេកទេសជំនាញចុះធ្វើការវាស់វែងជូនដោយរលូន និងពុំមានបណ្ដឹងជំទាស់ជាពិសេសបណ្ដឹងជំទាស់ពីក្រុមគ្រួសារឬអ្នកទទួលមរតកដូចគ្នា។
លោក វណ្ណ: សោភានិត ក៏បានណែនាំដល់អាជ្ញាធរឃុំទាំងពីរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក និងជំនាញពាក់ព័ន្ធ អត្រានុកូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលជួយធ្វើ និងកែតម្រូវឯកសារឱ្យបានត្រឹមត្រូវ និងឆាប់រហ័សហើយអាជ្ញាធរមូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួល និងសហការខ្ពស់ជាពិសេសរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ជូនក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះដែលពួកគាត់នឹងចុះអនុវត្តក្នុងពេលឆាប់ៗនេះដើម្បីមានសុវត្ថិភាព និងប្រព្រឹត្តទៅដោយរលូនតាមផែនការ ដែលនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៥នេះ៕
ដោយ ស៊ុម វណ្ណា





