ប្រជាពលរដ្ឋ និងព្រះសង្ឃជាច្រើន អញ្ជើញទស្សនាប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ បង្ហាញពីមោទកភាព និងសេចក្តីសង្ឃឹម
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥--
ប្រាសាទតាមាន់ធំដែលជាបេតិកភណ្ឌដ៏ចំណាស់មួយរបស់កម្ពុជា ស្ថិតនៅក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាច្រើនកុះករ ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងរាជធានីភ្នំពេញ។ វត្តមានរបស់ពួកគាត់បានបង្ហាញពីការស្រឡាញ់ និងការឱ្យតម្លៃទៅលើសម្បត្តិវប្បធម៌ជាតិ ក៏ដូចជាការរីករាយនឹងសន្តិភាព និងការអភិវឌ្ឍន៍ដែលបាននាំមកនូវលទ្ធភាពក្នុងការធ្វើដំណើរទស្សនកិច្ចកម្សាន្ត។

ព្រះតេជគុណ ធម្មប្បញ្ញា មហា សុខុម គង់នៅវត្តធម្មវ័ន ក្រុងសៀមរាប ដែលបាននិមន្តមកទស្សនាប្រាសាទតាមាន់ធំនៅថ្ងៃនេះ មានសង្ឃដីកាថា "អាត្មាភាពពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបាននិមន្តមកដល់ទីនេះ។ ប្រាសាទតាមាន់ធំនេះ ពិតជាមានភាពរឹងមាំ និងស្រស់ស្អាតគួរជាទីគយគន់ណាស់។ ការបានមកដល់ទីនេះ ធ្វើឱ្យត្មាភាពនឹកឃើញដល់ស្នាព្រះហស្ថរបស់បុព្វបុរសខ្មែរយើង ដែលបានកសាងនូវសំណង់ដ៏មហិមាទាំងនេះ។ នេះជាមរតកដ៏មានតម្លៃដែលកូនចៅជំនាន់ក្រោយត្រូវរួមគ្នាថែរក្សាការពារឱ្យបានគង់វង្ស។ អាត្មាភាពសង្ឃឹមថា ប្រាសាទនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយទៀត ដែលអាចជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក និងបង្ហាញពីភាពរុងរឿងនៃវប្បធម៌ខ្មែរទៅកាន់ពិភពលោក"។

លោក សុវណ្ណារ៉ា ជាប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានបង្ហាញអារម្មណ៍រំភើបថា "ខ្ញុំមិននឹកស្មានថា ប្រាសាទតាមាន់ធំនេះស្អាតដល់ថ្នាក់នេះទេ។ កាលពីមុនខ្ញុំធ្លាប់តែលឺឈ្មោះ តែអត់ដែលមានឱកាសបានមកទេ។ ពេលបានមកឃើញផ្ទាល់ភ្នែក ធ្វើឱ្យខ្ញុំរំភើបចិត្ត ហើយពិតជាមានមោទកភាពណាស់ ដែលខ្មែរយើងមានប្រាសាទបុរាណដ៏អស្ចារ្យបែបនេះ។ ផ្លូវមកកាន់ទីនេះក៏ងាយស្រួលធ្វើដំណើរដែរ ហើយបរិយាកាសនៅជុំវិញប្រាសាទក៏មានភាពស្ងប់ស្ងាត់ និងស្រស់ស្រាយណាស់ខ្ញុំពិតជាពេញចិត្ត"។
ចំណែកកញ្ញា លីណា ជានិស្សិតមកពីភ្នំពេញ ដែលបានធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិ ក៏បានលើកឡើងដែរថា "ខ្ញុំពិតជារំភើបចិត្តណាស់ដែលបានមកដល់ប្រាសាទតាមាន់ធំជាលើកដំបូង។ វាជាបទពិសោធន៍ដ៏អស្ចារ្យមួយ។ ខ្ញុំគិតថា ការដែលយើងបានមកទស្សនាសំណង់បុរាណបែបនេះ គឺបានជួយឱ្យយើងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរយើង។ ខ្ញុំនឹងណែនាំមិត្តភក្តិ និងក្រុមគ្រួសារឱ្យមកលេងទីនេះ"។

វត្តមានរបស់ភ្ញៀវទេសចរជាតិជាច្រើនកុះករនៅប្រាសាទតាមាន់ធំនេះ គឺជាសញ្ញាដ៏ល្អមួយដែលបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាការយល់ដឹងកាន់តែទូលំទូលាយរបស់ប្រជាពលរដ្ឋអំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្សព្វផ្សាយបន្ថែមទៀតនឹងជួយឱ្យប្រាសាទតាមាន់ធំ ក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយបន្ថែមទៀតនៅភាគខាងជើងនៃប្រទេសកម្ពុជា៕
ដោយ ឈុន សារ៉ាត





