ឯកឧត្តមអភិបាលខេត្តព្រះសីហនុទទួលជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ឯកឧត្តមស្ថានទូតឥណ្ឌូនេស៊ី និងសហការរីដែលបានមកកាន់ខេត្តព្រះសីហនុ ហើយឆ្នាំ២០២៥ ជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានភាពល្អ និងស្អិតរមួត ទន្ទឹមនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់ រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, និងការដឹកជញ្ជូន ជាពិសេសកំពង់ផែទឹកជ្រៅ, ព្រលានយន្តហោះអន្តរជាតិ, ផ្លូវល្បឿនលឿន និងផ្លូវដែកជាដើម ដែលសមស្របសម្រាប់ធ្វើការវិនិយោគ។ លើសពីនេះ ស្របតាមទិសដៅនៃការអភិវឌ្ឍផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង បានកំណត់ផែនការវិនិយោគសាធារណៈ ជាប្រព័ន្ធតាមដំណាក់កាលច្បាស់លាស់រហូតដល់ឆ្នាំ២០៣៨ ដោយរដ្ឋបាលខេត្ត បានរៀបចំជា ៤តំបន់ធំៗ ទី១.ឧស្សាហកម្ម និងដឹកជញ្ជូន ២.ទីក្រុងសមាហរណកម្ម ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ ៣.តំបន់កោះ រៀបចំជាតំបន់ទេសចរណ៍អន្តរជាតិ ៤.រុញច្រានខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្មតភ្ជាប់ទៅនឹងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ពិភពលោកផងដែរ។

ឯកឧត្តមបណ្ឌិត សានតូ ដាម៉ូស៊ូម៉ាតូ Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណគុណឯកឧត្តមអភិបាលខេត្ត និងសហការីដែលបានឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងពិភាក្សានាពេលនេះ ក្រោមការដឹកនាំរបស់ឯកឧត្តមធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ហើយស្ថានទូតបានត្រៀមរួចរាល់ធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងប្រជាជន យើងមានចំណុចចំនួន៣ ដែលត្រូវលើកយកមកពិភាក្សានាពេលនេះ៖ ១. កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា មានការកើនឡើងដល់ ១ ០០០លានដុល្លាអាមេរិក ឥណ្ឌូនេស៊ី ជាដៃគូរពាណិជ្ជកម្មធំជាប់ចំណាត់ ថ្នាក់លេខ១២របស់កម្ពុជា។ ម្យ៉ាងទៀតខេត្តព្រះសីហនុជាខេត្តមួយដែលមានសក្តានុពលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹងច្រកទ្វារកំពង់ផែអន្តរជាតិ មានការទាក់ទងទៅនឹងការនាំនូវផលិតផលឥណ្ឌូនេស៊ីមកកាន់កម្ពុជា ហើយយើងមានការរីករាយដែលកំពង់ផែក្រុងព្រះសីហនុត្រូវបានពង្រីកកាន់តែមានជម្រៅទឹកជ្រៅ។ ២. ទាក់ទងទៅនឹងទីផ្សារធំមួយនៅក្នុងប្រទេសខេត្តព្រះសីហនុ ផលិតផលប្រទេសឥណ្ឌូនេស៊ី ដែលជាសេវាកម្មធ្វើឪ្យជនជាតិឥណ្ឌូនេស៊ីមានភាពងាយស្រួលក្នុងការរស់នៅ និងនាំផលិតផលឥណ្ឌូនេស៊ីមកកាន់ប្រជាជនកម្ពុជា ហើយក៏មានអ្នកវិនិយោគទុនជនជាតិឥណ្ឌូនេស៊ី មកធ្វើការវិនិយោគរួមទាំងវិស័យបដិសណ្ឋាកិច្ច ធ្វើឪ្យសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនកាន់តែខ្លាំង ហើយការរីកចម្រើននេះ ប្រសិនបើមិនមានការគាំទ្រពីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់នូវសុវត្ថិភាព សន្តិភាព មានភាពងាយស្រួលក្នុងការធ្វើ អាជីវកម្ម ហើយយើងឃើញមានរីហ្សត កំពង់ឌីវ៉ា កំពុងសាងសង់កាន់តែធំ បង្ហាញពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ ៣.ជនជាតិឥណ្ឌូនេស៊ីរស់នៅខេត្តព្រះសីហនុ ប្រជាជនឥណ្ឌូនេស៊ីរស់នៅក្នុងប្រទេសកម្ពុជា មានជាង១សែននាក់ ក្នុងនោះខេត្តព្រះសីហនុ មានចំនួន ៤៣ ០០០នាក់ផងដែរ។

ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានស្នើសុំការគាំទ្រ ស្តីពីការការពារជនជាតិឥណ្ឌូនេស៊ីនៅខេត្តព្រះសីហនុ និងសុំជួយពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិឥណ្ឌូនេស៊ីទៅកាន់ប្រទេសកំណើតវិញ ទន្ទឹមនោះពួកគាត់ក៏មានបញ្ហាផ្នែកសុខភាព កន្លងមកស្ថាតទូកតែងតែបានលើកទឹកចិត្តដល់សហគមន៍ឥណ្ឌូនេស៊ីដែលរស់នៅលើ ទឹកដីកម្ពុជា ជាពិសេសរស់នៅក្នុងខេត្តព្រះសីហនុ ដោយធ្វើទំនាក់ទំនងគ្នាកាន់តែល្អជាមួយប្រជាជនកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្តបានទទួលយកនូវការស្នើសុំ និងសុំកិច្ចសហការផ្នែកសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្មមានការកើនឡើង ក្នុងនោះផលិតផលឥណ្ឌូនេស៊ីបានចូលមកក្នុងទីផ្សារកម្ពុជាមានចំនួនច្រើន ដោយសារបច្ចុប្បន្ននៅតាមព្រំដែនថៃ មានការបិទច្រក ដែលជាឱកាសល្អសម្រាប់ប្រទេសឥណ្ឌូនេស៊ីនាំចូលនូវផលិផលឥណ្ឌូនេស៊ីយកមកជំនួសផលិតផលថៃ ចំពោះការរស់នៅប្រជាពលរដ្ឋឥណ្ឌូនេស៊ី មានភាពស្ងប់ស្ងាត់ល្អ មិនមានបង្កបញ្ហាសន្តិសុខក្នុងសង្គម សូមកោតសរសើរ វាយតម្លៃអំពីអត្តចរិតនៃការរស់នៅល្អ និងស្វាគមន៍ការស្នាក់នៅ បំពេញការងារ ធ្វើទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុ និងសូមជួយបន្តការផ្សព្វផ្សាយនិងធ្វើការអំពាវនាវអ្នកវិនិយោគឥណ្ឌូនេស៊ី មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ៕
ដោយ ងូ សុមុនី





