ប្រធានក្រុមប្រឹក្សាស្រុកស្ទោង៖ អាជ្ញាធរឃុំត្រូវតម្កល់ផលប្រយោជន៍រាស្រ្តជាធំ
AKP កំពង់ធំ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥--
លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកទឹកចិត្តអាជ្ញាធរឃុំត្រូវតម្កល់ផលប្រយោជន៍រាស្រ្តជាធំ ក្នុងឱកាសដែលលោកនិងសមាជិកសមាជិកា ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤នៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

លោក ឡាយ ស៊ីលី បានមានប្រសាសន៍ថា វេទិកានេះពិតជាមានសារៈសំខាន់ណាស់ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានឱកាសអាចលើកអំពីបញ្ហា ឬទុក្ខកង្វល់របស់ខ្លួនជូនដល់សមាជិកសមាជិកាក្រុមប្រឹក្សាស្រុក ក៏ដូចជាអាជ្ញាធរស្រុកបានដឹង បានឮ និងជួយដោះស្រាយទាន់ពេលវេលា ជាពិសេស ត្រូវមានភាពក្លាហានហើយមិនត្រូវមានការភិតភ័យពីការគំរាមកំហែងពីបុគ្គលណាម្នាក់ឬស្ថាប័នណាមួយនោះឡើយ ឱ្យតែពុកម៉ែបងប្អូនលើកឡើងពីបញ្ហាឬកង្វល់ពិតប្រាកដមិនរំលោភបំពានសិទ្ធិអ្នកដទៃ។
ទន្ទឹមនឹងនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាដាច់ខាតដល់អាជ្ញាធរឃុំទ្រា ដែលមានរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបានរដ្ឋបាល ត្រូវសហការគ្នាក្នុងការចុះសិក្សាឱ្យបានដល់ទីតាំងផ្ទាល់នូវបញ្ហា និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ឱ្យបានជ្រះស្រឡះជាពិសេសបញ្ហាទំនាស់ដីធ្លីឬការរំលោភបំពានទ្រព្យសម្បត្តិសាធារណៈរបស់បុគ្គលមួយចំនួនដែលតែងតែកើតមានឡើងដដែលៗ ថែមទាំងបង្កនូវការភ័យខ្លាច និងជាអំពើអាណាធិបតេយ្យរ៉ាំរ៉ៃនៅក្នុងមូលដ្ឋានឱ្យខាងតែបាន ជាពិសេសលោកបានដាក់ឱសានុវាទដល់អាជ្ញាធរឃុំទ្រាត្រូវដោះស្រាយបញ្ហាទាំងនេះឱ្យបានដាច់ខាតដើម្បីឱ្យប្រជាពលរដ្ឋអស់មន្ទិលក្នុងនាមជាអាណាព្យាបាលផ្ទាល់។

លោក សាយ គឹមឡម ក៏បានណែនាំដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា និងលោកអធិការដ្ឋាននគរបាលស្រុកស្ទោង និងមន្ត្រីក្រោមឱវាទ ត្រូវសហការគ្នាឱ្យបានល្អប្រសើរឡើងថែមទៀតក្នុងការធ្វើឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធនានា ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដើម្បីបានប្រើប្រាស់តាមតម្រូវការជាក់ស្ដែងជាពិសេសការបំពេញឯកសារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធដែលកំពុងតែចាប់ផ្ដើម៕

ដោយ ស៊ុម វណ្ណា





