រដ្ឋបាលរាជធានីភ្នំពេញបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥--
រដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៦៖៣០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ដើម្បីឱ្យការប្រារព្ធពិធីមីទ្ទិញខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ សួស សំរិត





