ប្រជាពលរដ្ឋក្នុងសហគមន៍ចំបក់ទទួលប្រាក់ចំណូលពី «ផ្ទះស្នាក់» បានជួយលើកកម្ពស់ជីវភាពគ្រួសារ
AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥-- ផ្ទះស្នាក់នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅក្បែរ ឧទ្យានជាតិ គិរីរម្យ ខេត្ត កំពង់ស្ពឺ កំពុងបានក្លាយជា ទីកន្លែងទទួលស្គាល់ និងផ្តល់ការស្នាក់នៅរបស់អ្នកទេសចរជាតិ និងក៏ដូចជាអ្នកទេសចរបរទេស។ ផ្ទះស្នាក់នៅរបស់សហគមន៍តំបន់ការពារជាតិធម្មជាតិចំបក់មានចម្ងាយប្រហែល ១០៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ផ្ទះស្នាក់សហគមន៍គឺសំដៅផ្ទះរបស់ពលរដ្ឋតាមស្រុកស្រែចំការ ដែលបានរៀបចំឡើងក្នុងគោលបំណងដាក់បម្រើភ្ញៀវទេសចរក្នុងការស្នាក់នៅក្នុងអំឡុងភ្ញៀវបរទេសចរមកទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍អេកូទេសចរណ៍។
កំពុងតែរៀបចំបន្ទួប់អ្នកស្រី ហួត ខេម រស់នៅ ភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថាគិតចាប់តាំងតែពីចាប់ផ្តើមបង្កើតផ្ទះស្នាក់ អំឡុងឆ្នាំ២០០៣មក ផ្ទះស្នាក់របស់អ្នកស្រី ដំណើរការរលូនល្អ បើទោះបីពេលខ្លះខ្សត់ខ្សោយភ្ញៀវក៏ដោយ ប៉ុន្តែក៏អាចរកចំណូលសម្រាប់ពួកគាត់ រៀងរាល់ខែ ដែរ។ ស្ថិតក្នុងវ័យ ៤២ឆ្នាំ ដែលរស់នៅជាមួយម្តាយចាស់ម្នាក់ និងមានផ្ទះមួយខ្នង សង់ពីឈើអាច ផ្តល់កន្លែងស្នាក់នៅរបស់អ្នកទេសចរបានចំនួន៥នាក់ អ្នកស្រី ហួត ខេម ប្រាប់ថា ”ក្រោយការបង្កើតផ្ទះស្នាក់បានជួយច្រើនដល់ប្រជាសហគមន៍ក្នុងនេះ ដែលកាលពីមុនធ្លាប់ តែបរបាញ់សត្វ កាប់ព្រៃឈើ តែនៅពេលដែលបង្កើតតំបន់ទេសចរណ៍ចំបក់ និងពិសេសមានការបង្កើត ផ្ទះស្នាក់ មកធ្វើឱ្យពលរដ្ឋមានចំណូលពីផ្ទះស្នាក់ លក់របស់របរហូបចុក នាំភ្ញៀវទេសចរ ធ្វើឱ្យម្នាក់ៗមានចំណូលប្រចាំថ្ងៃ ហើយព្រមជាមួយគ្នាជីវភាពត្រូវបានលើកកម្ពស់។ ហេតុនេះការដែលពួកអ្នកស្រុកធ្លាប់ តែចូលព្រៃកាប់ឈើ បរបាញ់សត្វ ពេលនេះត្រឡប់មកចូលរួមអភិរក្សជំនួសវិញទៀតផង”។
បញ្ជាក់ប្រាប់ស្រដៀងគ្នានេះ អ្នកស្រី ហង្ស ភឿន ដែលមានផ្ទះស្នាក់នៅក្នុងភូមិនេះដែរ ប្រាប់ថា ក្នុងការបើកបម្រើផ្ទះស្នាក់នេះពិតជាបានជួយច្រើនក្នុងការផ្តល់ប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ។ ក្នុងនេះអ្នកស្រីបានយកប្រាក់ឈ្នួលស្នាក់នៅមួយយប់តម្លៃ ៤ដុល្លារសម្រាប់ភ្ញៀវម្នាក់។ បើភ្ញៀវចង់ឱ្យធ្វើម្ហូបឱ្យ ឬក៏ចង់បរិភោគជាមួយពួកគាត់គឺគិតលុយបញ្ចូលបន្ថែមទៀត។ ស្រ្តីរូបនេះបានប្រាប់ដែរថា៖”ពេលបើកដំបូងៗខ្ញុំមានការអៀនភ្ញៀវ តែពេលនេះលែងហើយ។ ពួកយើងស្និទ្ធស្នាលគ្នា ហើយភ្ញៀវបរទេសខ្លះមកស្នាក់នៅរាប់ខែ ប្រៀបដូចបងប្អូន។ ពួកគេមកទេសចរ និងមកស្រាវជ្រាវ។ ថ្ងៃខ្លះភ្ញៀវបរទេសមកចូលរួមធ្វើចំការ ធ្វើស្រែ ជួយធ្វើនំលក់ក៏មានដែរ។ គិតទៅសប្បាយ និងមានអនុស្សាវរីយ៍ល្អៗ ជាមួយពួកគាត់។ ថ្ងៃខ្លះពួកខ្ញុំក៏នឹកពួកគាត់”។
ចំណែក លោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់បានប្រាប់ថា សហគមន៍ នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ នៅក្នុងផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣ ៣៨២ហិចតា។ ទីនេះមានទឹកធ្លាក់ដ៏ស្រស់ត្រកាលគ្មានគូប្រៀប។ នៅទីនេះទទួលបានភ្ញៀវទេសចរបរទេស ពិសេសអឺរ៉ុបច្រើនបំផុត ដោយក្នុងមួយខែអាចទទួលបានចំនួនប្រមាណ ៥០០នាក់។ ហើយបើគិតជាភ្ញៀវមួយខែគិតជាមធ្យម ១ម៉ឺននាក់។ លោកបានប្រៀបធៀបពលរដ្ឋក្នុងសហគមន៍នេះ ដែលកាលពីមិនទាន់ចងក្រងជាស ហគមន៍ប្រៀបដូចជនជាតិភាគតិច ពោលគឺរស់នៅដាច់ដោយឡែកពីគេ តែបច្ចុប្បន្នស្ថានភាពគ្រួសាររបស់ប្រជាសហគមន៍ល្អប្រសើរមិនចាញ់ពីតំបន់ដទៃទៀតឡើយ។
លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិបច្ចុប្បន្នមានចំនួន ១៩៤សហគមន៍ ក្នុងនេះមាន ៥៣សហគមន៍ ដែលមានដំណើរការផ្តល់សេវាទេសចរណ៍ធម្មជាតិ ហើយក្នុងចំណោមសហគមន៍ទាំង៥៣នេះដែរគឺមានចំនួន ១៥សហគមន៍ដែលទទួលបានការគាំទ្រ ទាំងទេសចរណ៍ ការដាំស្តាព្រៃឈើ ការរកអនុផលព្រៃឈើ ការកែច្នៃឬស្សី ក្រវ៉ាញ។គម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន ២០២៣-២០២៨។
ដោយឡែក ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថានាពេលបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាកំពុងតែពេញនិយមក្នុងការធ្វើដំណើរកម្សាន្តតំបន់ការពារធម្មជាតិ ដូច្នេះហើយតំបន់ការពារធនធានធម្មជាតិរបស់យើងមានសក្តានុពលច្រើនសំរាប់ពង្រីកគោលដៅលំហែបៃតង។ ក្រសួងបរិស្ថានតាមរយៈដៃគូផ្សេងៗទៀតបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនេះមានទាំងទឹកស្អាត បង្គន់អនាម័យ ជួយរៀបចំកន្លែងបោះតង់ សម្រាប់សម្រាកកម្សាន្តនៅតាមតំបន់សហគមន៍ក្នុងគោលដៅកម្សាន្តលំហែបៃតងឬទីលំហែបៃតង។ តាមរយៈការជំរុញនេះដែរ ប្រជាសហគមន៍មានចំណូលកាន់តែប្រសើរឡើង។
សូមជម្រាបថាបញ្ជាក់ថា ផ្ទះស្នាក់នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់មានចំនួនជាង ៣០ផ្ទះ ដោយក្នុងនេះថ្លៃឈ្នួលស្នាក់នៅ ម្នាក់៤ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ៕





ដោយ៖ ប៊ុនរិទ្ធ





