មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កកងយោធពលខេមរភូមិន្ទ ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ
AKP កំពង់ធំ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ។ ការកើតឡើងនូវសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មានការគាំទ្រពីសហរដ្ឋអាមេរិកដែលចូលជួយអ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់។ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ បានបញ្ជាក់ជូនអំពីស្ថានការណ៍ទូទៅរវាងកម្ពុជា-ថៃ និងសភាពការណ៍តាមខ្សែបន្ទាត់ព្រំដែន ដែលកងយោធពលខេមរភូមិន្ទយើងកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដី និងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបិទច្រកព្រំដែននៅតំបន់មួយចំនួន ព្រមទាំងការឆ្លើយតបក្នុងការបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទទាំងស្រុងពីប្រទេសថៃចូលក្នុងប្រទេសកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយពីស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជានៅគ្រប់ទិសទី គ្រប់ស្រទាប់វវណ្ណៈ និងគ្រប់គណបក្សនយោបាយ ក្នុងការគាំទ្រប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងវិស័យការពារជាតិ ការពារបូណភាពទឹកដី និងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយតំបន់ប្រសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រសាទតាក្របី និងតំបន់មុំបី ដើម្បីបញ្ចប់ជម្លោះរវាងភាគីកម្ពុជា និងភាគីថៃ ហើយកម្ពុជាត្រៀមទទួលយកនូវការកាត់ក្ដីរបស់តុលាការយុត្តិធម៌អន្តរជាតិទាំងស្រុង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំគឺ៖ ទី១. ត្រូវត្រៀមខ្លួនរួចជាស្រេច រួមជាមួយគ្រឿងបំពាក់ មធ្យោបាយនានា តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី។ ទី២. ត្រូវត្រៀមបម្រុងកងកម្លាំង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ និងទី៣. ចូលរួមជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងសកម្មភាពនានាជួយដល់សង្គមជាតិ បម្រើប្រជាជន និងបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។

នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





