ច្រកអន្តរជាតិដូងនៅតែបិទ ចំណែកពលករខ្មែរបន្តចាកចេញពីប្រទេសថៃជាបន្តបន្ទាប់
AKP បាត់ដំបង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥-- រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ គេសង្កេតឃើញថា ភាគីកម្ពុជានៅតែបន្តបិទទ្វារច្រកអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដដែល ដោយពុំមានការប្រែប្រួលអ្វីមួយនោះឡើយ ដែលជាការឆ្លើយតបចំពោះភាគីថៃបានបិទទ្វារព្រំដែនមុន។ ដោយឡែកនៅឯច្រកថ្មើរជើង គឺនៅមានមនុស្សចេញចូលជាធម្មតា ឯពលករខ្មែរក៏បានចាកចេញពីប្រទេសថៃជាហូរហែ និងបន្តបន្ទាប់ឥតដាច់ប៉ុន្តែមិនមែនទ្រង់ទ្រាយធំ។

បើតាមប្រភពពីសមត្ថកិច្ចដែលឈរជើងនៅមាត់ច្រកនោះបានឱ្យដឹងថា បច្ចុប្បន្នច្រកទ្វារអន្តរជាតិដូងគឺនៅតែបិទ២៤ម៉ោងលើ២៤ម៉ោង ដោយមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញផ្សេងៗទាំងតូចទាំងធំចូលមកកម្ពុជានោះឡើយ ដរាបណាបើគ្មានបទបញ្ជាពីថ្នាក់ដឹកនាំគឺច្រកនេះនៅតែបន្តបិទមិនមានកាលកំណត់ដោយបើកតែច្រកថ្មើជើងតែប៉ុណ្ណោះសម្រាប់ឱ្យពលករខ្មែរចាកចេញពីប្រទេសថៃ។ ដោយឡែកសម្រាប់ច្រកតំបន់ និងច្រកអន្តរជាតិក្នុងខេត្តបាត់ដំបងដទៃទៀត គឺនៅគោរពតាមគោលការណ៍បើកម៉ោង៩ព្រឹក និងបិទវិញនៅម៉ោង៤ល្ងាចដដែលហើយសមត្ថកិច្ចព្រំដែនបានធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងមិនឱ្យមានការនាំចូលបន្លែ និងផ្លែឈើពីក្នុងប្រទេសថៃចូលមកកាន់កម្ពុជាជាដាច់ខាតដោយមិនមានការកែប្រែអ្វីឡើយ។

នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះដែរ គេសង្កេតឃើញថា ពលករខ្មែរនៅតែបន្តចាកចេញជាហូរហែពីក្នុងប្រទេសថៃឆ្លងដែនចូលមកកម្ពុជាហើយនៅមាត់ច្រក ក៏មានរថយន្តក្រុងមួយគ្រឿងដែលជារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកចតចាំទទួលពលករណាដែលចាំបាច់ត្រូវពឹងពាក់ទៅលើរថយន្តនេះ ដើម្បីដឹកជូនទៅកាន់ស្រុកកំណើត។ ដោយឡែកនៅមាត់ច្រកខាងកម្ពុជាអាជីវករខ្មែរដែលលក់ដូរតាមដងផ្លូវគឺនៅតែរកស៊ីជាធម្មតាដែលហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង ព្រោះជាមុខជំនួញប្រចាំថ្ងៃរបស់ពួកគាត់ទៅហើយ។ ដូច្នេះរឿងទំនាស់ព្រំដែនកម្ពុជា-ថៃជារឿងដែលត្រូវដោះស្រាយរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល រវាងយោធា និងយោធា សម្រាប់ពួកគាត់គឺនៅតែបន្តរកស៊ីជាធម្មតា បើទោះបីជាស្ថិតនៅក្បែរព្រំដែនក៏ដោយ ដោយសារពួកគាត់ជឿជាក់យ៉ាងមុតមាំ ទៅលើការដឹកនាំដោយសន្តិភាពរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ សុផល





