ការងារបង្កបង្កើនផលរបស់ប្រជាកសិករខេត្តកំពង់ធំសម្រេចបានជិត៩៤ភាគរយ
AKP កំពង់ធំ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥-- មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្រេចបានលើផ្ទៃដីសរុបចំនួន២០៦៤០៣ ហិកតាស្មើនឹង៩៣,៨២ ភាគរយនៃផែនការ២២០០០០ហិកតាធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាងចំនួន២០០៩២ហិកតា។

ផ្ទៃដីស្រូវវស្សាដែលអនុវត្តបានមានស្រូវវារ ឬស្រូវឡើងទឹកចំនួន១៨៧៤ហិកតា។ ព្រួស និងស្ទូងស្រូវធ្ងន់បានចំនួន៣៤១២២ហិកតា ស្រូវកណ្ដាលចំនួន១០០៣១៣ហិកតា។ ព្រួសស្រូវស្រាលបានចំនួន៦៩៧៩៦ហិកតាក្នុងនោះស្រូវស្រាលបង្កើតរដូវចំនួន៤៥១៩៣ហិកតា និងស្រូវស្រាលធម្មតាចំនួន២៣៦០៣ហិកតា និងដាំស្រូវចម្ការបានចំនួន២៩៨ហិកតា ព្រមទាំងបានធ្វើការប្រមូលផលស្រូវបង្កើតរដូវបានចំនួន១៥០ហិកតា ដោយទទួលបានទិន្នផលមធ្យម៤,១តោនក្នុងមួយហិកតា។ ទន្ទឹមនឹងនេះដែរប្រជាកសិករខេត្តកំពង់ធំបានយកចិត្តដាក់ទុកដាក់ដាំដំណាំរួមផ្សំផ្សេងៗបានចំនួន៣២៤២៧ហិកតាធៀបទៅនិង ឆ្នាំមុនរយៈពេលដូចគ្នា ទាបជាងចំនួន ១៧ ៦៨៩ ហិកតា។

មន្ត្រីរូបនោះបានបញ្ជាក់ឱ្យដឹងថាស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងរយៈពេលកន្លងមកបានធ្វើឱ្យប៉ះពាល់លើដំណាំស្រូវលើផ្ទៃដីសរុបចំនួន២៩៧៤ហិកតា លើ០៦ក្រុង-ស្រុក ២៣ឃុំ-សង្កាត់ ១១៤ភូមិ ស្មើនឹង២៤០៥គ្រួសារក្នុងនោះខូចខាតចំនួន១០១២ហិកតាលើ០៤ស្រុក ១១ឃុំ ៥៨ភូមិ ស្មើនឹង៩៨៣គ្រួសារ។ ស្រុកប្រាសាទសំបូរប៉ះពាល់លើផ្ទៃដីចំនួន៦១៣ហិកតា ក្នុងនោះខូចខាតចំនួន១៣៥ហិកតា។ ស្រុកកំពង់ស្វាយប៉ះពាល់លើផ្ទៃដីចំនួន១៥៦២ហិកតា ក្នុងនោះខូចខាតចំនួន៦៥០ហិកតា។ ស្រុកសណ្តាន់ប៉ះពាល់លើផ្ទៃដីចំនួន២២៩ហិកតា ក្នុងនោះខូចខាតចំនួន១៩៦ហិកតា។ស្រុកស្ទោងប៉ះពាល់នៅផ្ទៃដីចំនួន១៩២ហិកតា ក្នុងនោះខូចខាតចំនួន៣១ហិកតា។ ស្រុកសន្ទុកប៉ះពាល់ចំនួន១៨២ហិកតា និងក្រុងស្ទឹងសែនប៉ះពាល់ចំនួន១៩៦ហិកតា៕


ដោយ ស៊ុម វណ្ណា





