ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការដាំបន្លែរបស់សហគមន៍កសិកម្មស្រុកថ្ពង ឱរ៉ាល់ និងស្រុកភ្នំស្រួច
AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥-- លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានដឹកនាំសហការីចុះពិនិត្យវឌ្ឍនភាពការដាំដុះដំណាំបន្លែ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្មសម្រាប់ទីផ្សារនៅតាមសហគមន៍កសិកម្មនានានៅស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះលោកប្រធានមន្ទីរបានអបអរសាទរ និងលើកទឹកចិត្តចំពោះលទ្ធផលដែលបងប្អូនសហគមន៍កសិកម្មយើងផលិតបាននៅក្នុងរដូវនេះ និងលើកទឹកចិត្តឱ្យប្រជាសហគមន៍យើងទាំងអស់ខិតខំដាំដុះបន្ថែមទៀតដោយគិតពីគុណភាព សុវត្ថិភាពអ្នកប្រើប្រាស់ ហើយសុំកុំឱ្យដំឡើងថ្លៃក្នុងកាលៈទេសៈនេះ។

ទន្ទឹមនឹងនេះ លោកក៏បានថ្លែងគាំទ្រលើកទឹកចិត្តដល់សមាជិកសហគមន៍ទាំងអស់សូមខិតខំបន្ថែមទៀតដើម្បីសេដ្ឋកិច្ចគ្រួសារផង លើកកម្ពស់ផលិតកម្មក្នុងស្រុករបស់យើងផង និងប្រើប្រាស់ពេលវេលា ធនធានទាំងសម្ភារ កម្លាំងពលកម្មដែលយើងមាន ជាជាងចំណាកស្រុកទៅធ្វើការនៅក្រៅសហគមន៍។

លោក យឹម ណន បានបញ្ជាក់ថា មន្ទីរកសិកម្មខេត្តនឹងរង់ចាំជួយសម្របសម្រួលបញ្ហាប្រឈមនានានៅក្នុងសហគមន៍គ្រប់ពេលវេលា និងសូមជូនពរឱ្យសហគមន៍នៅទូទាំងខេត្តកំពង់ស្ពឺដំណើរការដាំដុះបន្លែផ្លែឈើធម្មជាតិប្រកបដោយផ្លែផ្កាល្អ និងទទួលបានផលល្អបន្ថែមទៀតនៅពេលខាងមុខ៕


ដោយ លឹម សាន្ត





