ឧត្ដមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់កងកម្លំាងចម្រុះនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹមក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព
AKPកំពង់ធំ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការររងនាព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០២៥បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ណែនាំការងារនិងប្រគល់ភារកិច្ច ព្រមទាំងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងចម្រុះប្រចាំការ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ភ្នំប្រង់ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះទីបញ្ជាការស្រាលទាំងពីរ ដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់ មិនឲ្យមានកើតឡើងជាថ្មីនូវបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។ ជាមួយនោះដែរ ក៏បានចូលរួមទប់ស្កាត់ ការពារដីព្រៃរបស់រដ្ឋ ដែលជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ មិនឱ្យមានការបាត់បង់ទៅវិញ ឬមានការដាំដុះជាថ្មីធ្វើជាកម្មសិទ្ធិឯកជនរបស់បុគ្គលណាបានឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះនិងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមជាមួយអាជ្ញាធរដែនដីឃុំ ភូមិ និងស្រុកប្រាសាទបល្ល័ង្ក ត្រូវខិតខំអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋាននានា ដែលនៅជាធរមាន ជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាប ដេីម្បីកុំឲ្យមានការកាប់ទន្ទ្រាន ឬដាំដុះលើដីរបស់រដ្ឋ ដែលរដ្ឋកំពុងគ្រប់គ្រង និងផ្ទៃដីដែលតុលាការបានចេញដីកាដកហូតជាសម្បត្តិរដ្ឋ រួចហើយ ដើម្បីជៀសវាងបញ្ហាប្រឈមចំពោះមុខច្បាប់ ហើយត្រូវគ្រប់គ្រងឲ្យបាន មិនឲ្យមានភាពអាណាធិបតេយ្យការកាប់ទន្ទ្រានឬដាំដុះលើដីរបស់រដ្ឋបានទៀតជាដាច់ខាត។

ក្នុងករណីមេខ្លោងឬជនល្មើសនៅតែរឹងទទឹងទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ដែលខុសច្បាប់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់នូវប្រេងសាំងចំនួន៣០០លីត្រ អង្ករចំនួន២០០គីឡូក្រាម មីចំនួន៦កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន៨យួរ និងត្រីខកំប៉ុងចំនួន៦យួរជូនដល់កងកម្លាំងចម្រុះទីបញ្ជាការស្រាលទាំងពីរ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ដើម្បីបន្តសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព និងគ្មានការដកថយឡើយ៕
ដោយ៖ ស៊ុម វណ្ណា , ប្រភពតំបន់សឹករងកំពង់ធំ





