ទិដ្ឋភាពព្រឹកថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ និងការបំភ្លឺជុំវិញការធ្វើដំណើរឆ្លងដែន
AKPបន្ទាយមានជ័យថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥-- នៅវេលាម៉ោងប្រមាណ ៩:០០ ព្រឹកថ្ងៃអាទិត្យនេះទី២២ ខែមិថុនា ឆ្នាំ២០២៥ទិដ្ឋភាពនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ហាញពីសកម្មភាពដ៏មមាញឹកនៃការធ្វើដំណើរឆ្លងដែនរបស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ប្រទេសថៃ ដើម្បីប្រកបរបរលក់ដូរនៅផ្សាររុងក្លឿ ខេត្តស្រះកែវ។ លំហូរនៃការធ្វើដំណើរនេះ មានទាំងអ្នកជិះម៉ូតូ អ្នកបើកបររថយន្ត និងអ្នកធ្វើដំណើរដោយថ្មើរជើង ដែលជាទម្លាប់ប្រចាំថ្ងៃរបស់ពលរដ្ឋនៅតំបន់ព្រំដែន។

ទិដ្ឋភាពជាក់ស្ដែងនេះ គឺខុសពីអ្វីដែលសារព័ត៌មានថៃ និងក្រុមជ្រុលនិយមថៃមួយចំនួនដែលគ្មានវិជ្ជាជីវៈ បានចុះផ្សាយបំភ្លៃការពិតថា ប្រជាពលរដ្ឋខ្មែរសម្រុកបើកឡាន និងជិះម៉ូតូទៅចាក់សាំងនៅប្រទេសថៃនោះទេ។ ការអះអាងទាំងនេះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងនៅតាមច្រកទ្វារព្រំដែនឡើយ។
ជុំវិញស្ថានភាពនេះ លោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានមានប្រសាសន៍បញ្ជាក់ថា៖ «ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរបស់យើងបានធ្វើដំណើរឆ្លងកាត់ច្រកទ្វារនេះជាប្រចាំ ដើម្បីទៅប្រកបមុខរបរលក់ដូរនៅផ្សាររុងក្លឿ ហើយពួកគាត់ភាគច្រើនត្រឡប់មកវិញនៅពេលល្ងាច។ ចំពោះការចោទប្រកាន់ថាពលរដ្ឋខ្មែរសម្រុកទៅចាក់សាំងនៅថៃនោះ គឺជារឿងមិនពិត និងជាការបំភ្លៃព័ត៌មាន»។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ក៏បានសង្កត់ធ្ងន់ផងដែរទៅលើការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការនាំចូលផលិតផលកសិកម្ម៖ «រាជរដ្ឋាភិបាលកម្ពុជាបានដាក់បម្រាមដាច់ខាតមិនអនុញ្ញាតឱ្យនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជាឡើយ ទាំងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏ដូចជាច្រកផ្សេងៗទៀតដែលជាប់ព្រំដែនថៃ។ ការអនុវត្តនេះ គឺដើម្បីការពារផលប្រយោជន៍កសិករខ្មែរ និងធានាសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេស»។

សរុបមក ទិដ្ឋភាពនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាព្រឹកនេះ គឺពោរពេញដោយសកម្មភាពប្រក្រតីនៃការធ្វើដំណើរឆ្លងដែនដើម្បីសេដ្ឋកិច្ចប្រចាំថ្ងៃ ខុសពីការផ្សាយព័ត៌មានបំភាន់របស់បណ្ដាញសារព័ត៌មានមួយចំនួន។ អាជ្ញាធរកម្ពុជាក៏នៅតែបន្តពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងការពារផលប្រយោជន៍ជាតិ៕
ដោយ៖ឈុនសារ៉ាត





