ខេត្តបន្ទាយមានជ័យរំពឹកខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ការដឹងគុណចំពោះវីរភាពនិងការលះបង់
AKPបន្ទាយមានជ័យថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ --រដ្ឋបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះបានរៀបចំពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា "២១ មិថុនា ២០២៥" យ៉ាងមហោឡារិកនៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តជាច្រើនរូប រួមមានអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ មន្ទីរអង្គភាព និងជាពិសេសគឺវត្តមានដ៏សំខាន់របស់និវត្តជនស៊ីវិល និងអតីតយុទ្ធជនចំនួន ២០០នាក់ ដែលជាអ្នកបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវប្រសាសន៍គូសបញ្ជាក់អំពីអត្ថន័យដ៏ជ្រាលជ្រៅនៃទិវាអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមបានលើកឡើងថា
«ទិវាអតីតយុទ្ធជនកម្ពុជា គឺជាទិវាដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ព្រោះជាថ្ងៃដែលយើងទាំងអស់គ្នាបានរំលឹក និងដឹងគុណចំពោះវីរៈភាព ការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានបូជាជីវិត និងសរីរាង្គ ដើម្បីការពារបូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយសារការលះបង់របស់ពួកគាត់ ទើបយើងមានសន្តិភាព និងការរីកចម្រើនដូចសព្វថ្ងៃនេះ។»
ឯកឧត្តមអភិបាលខេត្តក៏បានបន្តទៀតថា រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ជនពិការ និងគ្រួសារពលី ដើម្បីធានាថាពួកគាត់ទទួលបាននូវការគាំទ្រនិងជំនួយចាំបាច់ទាំងផ្នែកស្មារតីនិងសម្ភារៈ។

ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមចំណែកក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណចំពោះវីរៈភាពរបស់ពួកគាត់។
ប្រសាសន៍លោកឧត្តមសេនីយ៍ស្នងការ៖ តួនាទី
រីឯ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត ក៏បានថ្លែងនូវសុន្ទរកថាដ៏គួរឲ្យកត់សម្គាល់ ដោយបានគូសបញ្ជាក់ពីតួនាទីស្នូលរបស់សមាគមន៍ក្នុងការជួយជ្រោមជ្រែងដល់អតីតយុទ្ធជន។ លោកឧត្តមសេនីយ៍បានមានប្រសាសន៍ថា«ក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនខេត្ត ខ្ញុំប្ដេជ្ញាចិត្តថានឹងបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការថែទាំ គាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារពួកគាត់។ យើងនឹងបន្តកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាថា អតីតយុទ្ធជនរបស់យើងទទួលបាននូវលំនៅឋានសមរម្យ ការព្យាបាលជំងឺ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារសមស្រប ដើម្បីឲ្យពួកគាត់អាចរស់នៅដោយថ្លៃថ្នូរ និងមានសុភមង្គលក្នុងសង្គម។»

លោកឧត្តមសេនីយ៍ក៏បានបន្ថែមថា សមាគមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពអតីតយុទ្ធជនឲ្យកាន់តែប្រសើរឡើង។
ពិធីខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា នៅខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងកក់ក្តៅ ឆ្លុះបញ្ចាំងពីការដឹងគុណដ៏ជ្រាលជ្រៅរបស់សង្គមចំពោះវីរៈភាព និងការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា។ នេះជាការរំលឹកមួយទៀតថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺបានមកពីការបូជាដ៏ឧត្តុង្គឧត្តមរបស់ពួកគាត់៕
ដោយ៖ឈុនសារ៉ាត





