សប្បុរសជនពី៤ខេត្តនាំយកអំណោយជួយកងកម្លាំងការពារព្រំដែននៅឧត្តរមានជ័យ បង្ហាញទឹកចិត្ត «ខ្មែរជួយខ្មែរ»
AKPបន្ទាយមានជ័យថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥--ទឹកចិត្ត «ខ្មែរជួយខ្មែរ» បានបង្ហាញយ៉ាងច្បាស់ជាធ្លុងមួយ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ ដោយក្រុមសប្បុរសជនមកពីបណ្ដារាជធានី-ខេត្តចំនួនបួន រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានរួមគ្នាធ្វើដំណើរចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងឱសថមួយចំនួនធំ ទៅប្រគល់ជូនកងកម្លាំងយោធា និងនគរបាល ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅ៤គោលដៅ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

គំនិតផ្ដួចផ្ដើមដ៏គួរឲ្យកោតសរសើរនេះ ត្រូវបានដឹកនាំដោយលោក ធឿន វុទ្ធី ដែលជាតំណាងសប្បុរសជនទាំងអស់ ដើម្បីបង្ហាញពីការដឹងគុណ និងគាំទ្រដល់វីរភាពរបស់កងទ័ពដែលបានលះបង់កម្លាំងកាយចិត្តការពារជាតិ។
គោលដៅសំខាន់ទាំង៤ដែលទទួលបានអំណោយសប្បុរសធម៌ទាំងនេះ ត្រូវបានធ្វើការបែងចែក និងប្រគល់ជូនដល់អង្គភាពយោធា និងនគរបាលព្រំដែនចំនួន ៤គោលដៅសំខាន់ៗក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួមមាន
កងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសទី៣ ប្រាសាទតាមាន់ ស្ថិតក្នុងឃុំគោកមន។
កងអនុសេនាធំលេខ២ ផ្នែកសឹករងសំរោង ច្រកថ្មដូន ស្ថិតនៅភូមិដូន ឃុំគោកមន។
វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប៉ុស្តិ៍ព្រំដែនថ្មដូន ស្ថិតនៅភូមិដូន ឃុំគោកមន។
កងវីរៈសេនាតូចលេខ៤៤៤ តំបន់ប្រតិបត្តិការងឧត្តមមានជ័យ ប្រចាំការទិសប្រាសាទតាក្របី ស្ថិតនៅក្នុងភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់។

អំណោយដែលបានប្រគល់ជូនមាន
សម្ភារៈគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យជាច្រើនមុខសន្ធឹកសន្ធាប់ត្រូវបានប្រគល់ជូនដល់កងកម្លាំងនៅតាមគោលដៅនីមួយៗ រួមមាន មីចំនួន ១៥៦កេស , ទឹកសុទ្ធ ២០០កេស, អង្ករ ១តោនកន្លះ, ខ្ទឹម ២០គីឡូក្រាម, អំបិល ២០គីឡូក្រាម ទឹកត្រី ៨៥យួរ
,ទឹកស៊ីអ៊ីវ ៨៥យួរ, ទឹកម្ទេស ៥យួរ, បារី ២០សុង
, ថ្នាំប៉ារ៉ា ១០ប្រអប់, ថ្នាំបាត់រាគ ១០ប្រអប់, ថ្នាំបាត់ក្អក ១០ប្រអប់ ,ថ្នាំប៉ារ៉ាសេតាម៉ុល ១០ប្រអប់
, សូឡា ១ឈុត, ទឹកក្រូច (ស្ទីង)១៧កេស
, ខារ៉ាបាវ ២០កេស, ទឹកដោះគោជូរ ៥កេសធំ, គុយទាវ ៥កេសធំ, នំបុ័ង ១០០០ដើម, សាច់ក្រក ១០គីឡូក្រាម, ត្រីប្រឡាក់ ១០គីឡូក្រាម, ឆៃប៉ូវ ២៥កំប៉ុង, សៀងផ្អែម ១០យួរ, ម៉ាស៊ីនចម្រុះទឹកស្អាត ១ឈុត, ប្រេងកូឡា និងប្រេងខ្យល់ ១កេស
តំណាងកងកម្លាំងនៅតាមគោលដៅនីមួយៗបានសម្តែងនូវក្ដីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់បងប្អូនប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា។ លោកអនុសេនីយ៍ឯក សុខ ផល្លី មេបញ្ជាការរងកងវរសេនាតូចលេខ៧០២ បានលើកឡើងថា «ពួកយើងពិតជារំភើបចិត្តណាស់ដែលឃើញបងប្អូនប្រជាពលរដ្ឋមិនបានបំភ្លេចពួកយើង។ អំណោយទាំងនេះមិនត្រឹមតែជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ តែសំខាន់ជាងនេះទៅទៀត គឺវាជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកយើងបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិដោយស្មារតីទទួលខុសត្រូវខ្ពស់»។ កងទ័ពមួយរូបទៀតក៏បានបន្ថែមថា ការចុះសួរសុខទុក្ខនេះបានបង្ហាញថា ប្រជាពលរដ្ឋនៅតែនឹកឃើញ និងយកចិត្តទុកដាក់ចំពោះអ្នកបំពេញការងារនៅតាមតំបន់ព្រំដែនដាច់ស្រយាល។

ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ព្រំដែនក្នុងស្រុកបន្ទាយអំពិល ក៏បានកោតសរសើរចំពោះសកម្មភាពមនុស្សធម៌នេះផងដែរ។
អ្នកស្រី នាង សារ៉ាត់ ជាពលរដ្ឋរស់នៅភូមិដូន បានថ្លែងថា «ខ្ញុំពិតជារំភើបណាស់ដែលឃើញសប្បុរសជននាំគ្នាជួយដល់កងទ័ព។ ពួកគាត់ជាអ្នកលះបង់ការពារពួកយើង ដូច្នេះការជួយគ្នាបែបនេះពិតជាសំខាន់ណាស់។ ពេលខ្លះពួកគាត់ខ្វះខាតច្រើន ជាពិសេសឱសថ ឬស្បៀងអាហារខ្លះដែលពិបាករក»។ ការមកដល់នៃក្រុមសប្បុរសជនក៏បានចូលរួមចំណែកបង្កើតបរិយាកាសស្និទ្ធស្នាលរវាងកងកម្លាំង និងប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។
សកម្មភាពសប្បុរសធម៌នេះបានបង្ហាញយ៉ាងច្បាស់ពីសាមគ្គីភាព និងទឹកចិត្តអាណិតស្រឡាញ់គ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ដោយរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចយ៉ាងលំបាកនៅតាមព្រំដែន ៕
ដោយ៖ឈុនសារ៉ាត់





