សិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥--លេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដល់មន្រ្តីអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ ដល់រដ្ឋបាលខេត្តចំនួន៨ រួមមានខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ព្រៃវែង ព្រះវិហារ កំពង់ចាម រតនគិរី មណ្ឌគិរី និងខេត្តស្ទឹងត្រែង និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុកចំនួន៦៥ ។

កម្មវិធីបានប្រារព្ធធ្វើនៅខេត្តក្រចេះ រយៈពេល២ថ្ងៃ ដឹកនាំដោយឯកឧត្តមឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។

សមាសភាពអញ្ជើញចូលរួមមាន អភិបាលរងខេត្ត នាយករដ្ឋបាល អភិបាលក្រុង ស្រុក ប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងមន្រ្តីអនុវត្តមុខងារ រួមទាំងមន្ត្រីពាក់ព័ន្ធ។

សិក្ខាសាលានេះរៀបចំឡើង គឺដើម្បីបន្តការគាំទ្រដល់មន្រ្តីអនុវត្តមុខងារឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព គណនយ្យភាព និងតម្លាភាព ជាពិសេសធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងនិងដោះស្រាយបញ្ហាប្រឈមនានាក្នុងពេលអនុវត្តមុខងារ តាមរយៈមន្រ្តីបង្គោលជំនាញរបស់ក្រសួង ដោយបានធ្វើបទបង្ហាញពីក្រុមការងារបច្ចេកទេសតំណាងពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តសិក្ខាកាមទាំងអស់ ខិតខំផ្តោតការយកចិត្តទុកដាក់ស្តាប់ សិក្សាស្វែងយល់ និងចូលរួមជាមតិយោបល់ឱ្យបានសកម្ម ដើម្បីប្រមូលធាតុចូល បន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ក្នុងការអនុវត្តមុខងារដែលបានផ្ទេរ សំដៅឈានទៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន )





