លោកជំទាវ ភឿង សកុណា ជួបសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងនៅបញ្ជាការដ្ឋានកងអង្គរក្ស ទួល៩៥ ទិសព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥–លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានអញ្ជើញចុះ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងអង្គរក្សទួល៩៥ ទិសព្រះវិហារ ដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ក្នុងការប្ដូរផ្ដាច់ការពាររាល់គ្រប់ការឈ្លានពានទាំងឡាយក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិ ។
នាឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនកងកម្លាំងទាំងអស់។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំងដែលឈរជើងនៅសមរភូមិជួរមុខ និងដើម្បីបង្ហាញអំពីភាពរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន។


លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ និងដឹងគុណសយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងជួរមុខទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្តេជ្ញាការពារបូរណភាពទឹកដីនិងប្រជាជន ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងវប្បធម៌)





